(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានណែនាំដល់លោកអធិការ និងលោកមេឃុំគ្រប់ឃុំនៃស្រុកស្ទោងនេះត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពប្រជាការពារភូមិឱ្យបានម៉ត់ចត់បំផុត។

ការណែនាំដូច្នេះនៅក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យមើលការផ្ដល់លំហាត់របៀបជូនប្រជាការពារចំនួន៣ឃុំ នៃស្រុកស្ទោង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅវត្ដបទុម ស្ថិតនៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានថ្លែងអំណរគុណដល់ប្រជាការពារគ្រប់រូប ដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងការសហការជាមួយកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងគណៈប្រតិភូ ជាពិសេសមិនថាយប់ឬថ្ងៃគ្រប់កម្មវិធីតូចធំ។

លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានរាយការណ៍ថា ការផ្ដល់លំហាត់របៀបជូនប្រជាការពារនៅក្នុងឱកាសនេះ គឺជាការពង្រឹងនូវឥរិយាបថ គុណភាព ប្រសិទ្ធភាពការងាររបស់ប្រជាការពារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនពុប្រជាពលរដ្ឋ ព្រមទាំងគណៈប្រតិភូឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ដល់ជីវភាពប្រជាការពារពីសំណាក់ថ្នាក់ដឹកនាំ គឺជាការថ្លែងអំណរគុណ និងលើកទឹកចិត្ត ព្រមទាំងផ្ដល់កម្លាំងចិត្តក្នុងការអនុវត្តកិច្ចការរបស់ពួកគាត់ យ៉ាងធំធេងជាមួយអាជ្ញាធរមូលដ្ឋាន យ៉ាងហោចណាស់ក៏ទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យសាធារណៈរបស់រដ្ឋផងដែរ។

សូមបញ្ជាក់ថា ស្រុកស្ទោងមានប្រជាការពារសរុប១,៣៨៣នាក់ ស្រ្តី១១នាក់ ការផ្ដល់លំហាត់របៀបជូនប្រជាការពារនៅក្នុងពេលនេះ គឺមានចំនួន១៦០នាក់ មកពីឃុំរុងរឿងចំនួន៦៣នាក់ ឃុំបន្ទាយស្ទោងចំនួន៥៥នាក់ និងឃុំព្រះដំរីចំនួន៤២នាក់៕