(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកមួកសុវត្ថិភាពចំនួន៤០០ ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់ជូនសិស្សានុសិស្សនៅតាមវិទ្យាល័យក្នុងខេត្តព្រៃវែងមានចំនួន២ គឺវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។

លោក សួន សុម៉ាលីន បានថ្លែងថា ដើម្បីពង្រឹងនិងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយជីវិត ដែលមិនអាចបង្កឲ្យប៉ះពាល់ដល់ក្បាលនោះទេ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវគេចសាលា មិនត្រូវជិះម៉ូតូលឿន ត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ និងត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អនៅក្នុងសង្គម ធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕