(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកសម្លៀកបំពាក់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅ ចំនួន៥០នាក់។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានជំរុញឲ្យកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត ដើម្បីបម្រើឲ្យប្រយោជន៍សង្គម និងប្រជាពលរដ្ឋ។ លោកអភិបាលខណ្ឌ ក៏បានកោតសសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំបំពេញការងារកន្លងមក។

សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្តឲ្យបាន បើបុគ្គលណាម្នាក់ លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំណុចមួយទៀត កុំឈ្លោះទាស់ទែងគ្នា វាមិនល្អទេ ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួម ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឲ្យបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ លោកណែនាំឲ្យត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យឲ្យគ្នា ចេះសន្តោសប្រណីឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា៕