(អាមរិក)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមវេទិកា Silicon Valley Summit រៀបចំឡើង នៅ Silicon Valley ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុត របស់ពិភពលោក ស្ថិតក្នុងទីក្រុងសាន់នីវែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីស្ថាប័ន/ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតអន្តរជាតិ ប្រមាណ ៤០០០នាក់ រួមទាំងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៣០០ មកពី ១៧ ប្រទេសជុំវិញពិភពលោក។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល អាចបង្ហាញនូវស្នាដៃនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោក និងផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីអ្នកជំនាញ និងក្រុមហ៊ុនធំៗ លើគន្លឹះនៃការជំរុញធុរកិច្ចថ្មីឌីជីថលប្រកប ដោយប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានោះ គណៈប្រតិភូក្រសួង បានអញ្ជើញជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ដែលជាកាតាលីករជំរុញនិងបង្កើតធុរកិច្ចថ្មីដ៏ល្បីនៅសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅជំរុញ និងពន្លឿនកំណើនធុរកិច្ចថ្មីនៅកម្ពុជា ប្រកបដោយគុណភាព៕