(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំក្រុមហ៊ុនដែលដេញថ្លៃដែលដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យ ប្រជាពលរដ្ឋក្តៅ ក្រហាយដោយសារតែទង្វើរបស់ខ្លួន ដោយខ្វះការទទួលខុសត្រូវ ដូចជា៖ កាយដី ជីកដី ដាក់លូ មិនព្រមលប់វិញ បិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់ បង្កទៅជាការលំបាកដល់ប្រជាពលរដ្ឋ។

ការណែនាំនេះធ្វើឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ នៅមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក កើត ឆែ ក្នុងនាមតំណាងលោកអភិបាល ឃួង ស្រេង ក៏បានណែនាំដល់ក្រុមហ៊ុនដែលដេញថ្លៃដែលដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួន ដោយខ្វះការទទួលខុសត្រូវ ដូចជា៖ កាយដី ជីកដី ដាក់លូ មិនព្រមលប់វិញ បិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់ បង្កទៅជាការលំបាកដល់ប្រជាពលរដ្ឋ។

លោកបានណែនាំបន្តថា ការមិនដាក់ស្លាកសញ្ញាសម្គាល់ការដ្ឋានឲ្យបានត្រឹមត្រូវ ក៏បង្កបញ្ហាដែរ ព្រោះតែប៉ះពាល់ដល់អ្នកធ្វើដំណើរ និងម្ចាស់ផ្ទះ ផ្ទុយទៅវិញ បើក្រុមហ៊ុនណាអនុវត្តមិនបានត្រឹមត្រូវ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Black list) ដកសិទ្ធលែងឱ្យដេញថ្លៃក្នុងមូលដ្ឋាន។

លោក កើត ឆែ បានណែនាំឲ្យក្រុមហ៊ុនដែលដេញថ្លៃបាន ត្រូវរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់ ហើយគម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព និងអនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។ ម្យ៉ាងទៀត ត្រូវមានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋាន អនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋាន ហើយមុនពេលនិងក្នុងពេលដេញថ្លៃ មិនត្រូវមានការឃុបឃិតគ្នាជាមុន ដូចជា លួចចរចារគ្នាទទួលសំណូកពីគ្នា ឬការទិញទឹកចិត្តគ្នាដោយមានការសន្យាមុនពេលដេញថ្លៃ។

អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា បទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូចហ៊ានដេញថ្លៃទាបខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមានការយឺតពេល គ្មានសោភ័ណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។

លោក កើត ឆែ បានណែនាំក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗអំពីការដេញថ្ងៃ។ កុំឱ្យមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។ ចំពោះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការដាក់ដេញថ្លៃជាសាធារណៈនៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦របស់ខណ្ឌសែនសុខ ឆ្នាំ២០២៤នេះ មាន១៧គម្រោង ក្នុងនោះមានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន១០ ស្របតាមនីតិវិធីនៃការដេញថ្លៃ។

លោកអភិបាលខណ្ឌថ្លែងទៀតថា ចំពោះសាលាខណ្ឌសែនសុខ សាលាសង្កាត់ និងគណៈគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ពន្ធ័ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដានត្រូត ពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឲ្យសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិតិវិធីណែនាំបានកំណត់៕