(កំពត)៖ គ្រោះថ្នាក់ចរាចរណ៍ ចំនួន២ករណីផ្សេងគ្នា នៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលជនរងគ្រោះម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់។ មន្ត្រីនគរបាលចរាចរស្រុកកំពង់ត្រាច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវទាំងនោះ រួមមាន៖ ករណីទី១.រថយន្តតូរីស១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-3349 បើកបរម្នាក់ឯង ទៅបុកដើមឈើនៅជិតផ្លូវ បង្កឲ្យក្រឡាប់គៀបអ្នកបើកបរ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅរសៀល ថ្ងៃទី១៥ ខែកញ្ញា លើផ្លូវលំគ្រោះក្រហម ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រា ខេត្តកំពត។ អ្នកបើករថយន្ត ឈ្មោះ ឯក ឧត្តម អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរក្នុងទិសដៅពីត្បូងទៅជើង។
ករណីទី២. បង្កឡើងរវាងម៉ូតូបុកម៉ូតូ នៅរសៀល ថ្ងៃទី១៥ ខែកញ្ញា ត្រង់ចំណុចមុខផ្សារកំពង់ត្រាច លើផ្លូវជាតិ៣៣ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះម្ខាង មានឈ្មោះ ផាន់ ចាន់ដារ៉ា អាយុ២៥ឆ្នាំ បើកម៉ូតូ C១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1J-7386 រងរបួសបាក់ជើងខាងឆ្វេង, ម្ខាងទៀត មានឈ្មោះ ស្រី រៀម ភេទស្រី អាយុ២០ឆ្មាំ នារីម្នាក់នេះ ជិះម៉ូតូC១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-7900 រងរបួសបាក់ក្តោងច្រមុះ និងត្រូវភ្លៅខាងស្តាំ។
មន្ត្រីនគរបាលចរាចរបានបន្តថា ម៉ូតូទាំង២គ្រឿងខាងលើ បានបុកគ្នាចំពេញទំហឹង លាន់ដូចរន្ទះ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នាពីត្បូងទៅជើង។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។
ចំណែកម៉ូតូទាំង២គ្រឿងខាងលើ ត្រូវកម្លាំងនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រង់ចាំដោះស្រាយគ្នាថ្ងៃក្រោយ៕