(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។

ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ ត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែ រៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះ នឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃ លើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះ យើងត្រូវតែអនុវត្តការងារនេះ ឲ្យបានតាំងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។

ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច ដោយឲ្យអាជ្ញាធរ ក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូតែម្តង។

នៅទីតាំងផ្ញើ កង់ ម៉ូតូ ដាច់ខាតត្រូវតែដាក់តារាងតម្លៃ ឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរ នៅទីតាំងផ្ញើកង់ម៉ូតូនោះ ថាគ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការបង្ខំ ឲ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌ ដែលបានដាក់លេខទូរស័ព្ទ នៅទីតាំងនោះស្រាប់។

អ្នកវិនិយោគលើភាស៊ីទាំងអស់ ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ។ ត្រូវធ្វើបញ្ជីឈ្មោះយកលុយទាំងអស់ បញ្ជូនមកឲ្យអាជ្ញាធរ។

ក្នុងករណី យកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរនិងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើសនិងការយកលុយលើសសៀវភៅបន្ទុកនឹងប្រឈមមុខ និងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ ការងារនេះត្រូវប្រគល់ទៅឱ្យ ផ្សារ ខណ្ឌនិងមន្ទីរសេដ្ឋកិច្ចហេតុហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ៕