(ស្ទឺងត្រែង)៖ ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិខេត្តស្ទឹងត្រែងចំនួន៥រូប បានសុំចូលរួម​ជីវ​ភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញថា គណ​បក្ស​ប្រជា​ជនកម្ពុជាមានឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹក​នាំ​ជាតិឱ្យរីកចម្រើន និងរុងរឿង។

ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិខេត្តស្ទឹងត្រែង ដែលសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជានេះរួមមាន៖ ១) លោក សោម ម៉េង ប្រធានរដ្ឋបាលប្រតិបត្តខេត្ត ស្ទឹងត្រែង, ២) លោក ភិន លក្ខណ៍ សមាជិកប្រតិបត្តខេត្តស្ទឹងត្រែង, ៣) លោក អ៉ីវ ឡេជី ប្រធានប្រតិបត្តិស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ៤) កញ្ញា ហាក់ រចនា អនុប្រធានយុវជនខេត្ត ស្ទឹងត្រែង និង៥) លោក ឆេង ឡុក អនុប្រធានប្រតិបត្តិស្រុក សៀមបូក ខេត្តស្ទឹងត្រែង។

បុគ្គលទាំង៥រូបនេះ ជាអ្នកស្ម័គ្រស្មោះ និងធ្វើសកម្មភាពយ៉ាងសកម្មភាពបម្រើ​គណបក្ស​សង្គ្រោះ​ជាតិនៅក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់ពីគណបក្សត្រូវបានរំលាយតាមអំណាចតុលាការនៅឆ្នាំ​២០១៧ អ្នកស្មោះស័គ្រជាមួយបក្សសង្គ្រោះជាតិទាំង៥រូបនេះ មិនបានទៅធ្វើសកម្មភាពនយោ​បាយជាមួយបក្សដទៃទៀតនោះឡើយ បើទោះបីបក្សថ្មីៗជាច្រើនត្រូវបង្កើតឡើងក្តី។

តែនៅពេលនេះពួកគេសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះពួកគេមើលឃើញថា បក្សប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងទាំង៥រូបនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕