(ម៉ាឡេស៊ី)៖ ដោយទទួលបានអនុសាសន៍ណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី៥៧ តបតាមការអញ្ជើញរបស់ក្រសួងដឹកជញ្ជូន នៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤ និងជំនួបសន្ទនាជាផ្លូវការរវាងឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន និងសហរដ្ឋអាមេរិកលើកទី៣។

កិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៥៧ ជាកិច្ចប្រជុំពាក់កណ្តាលឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពីរសំខាន់ៗគឺ៖ ទី១ ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល ០៦ ខែដើមឆ្នាំ ២០២៤ ក្នុងនោះរួមមាន ផែនការសកម្មភាពរបស់ក្រុមការងារដឹកជញ្ជូនផ្លូវអាកាស (Air Transport Working Group - ATWG) ផែនការសកម្មភាពរបស់ក្រុមការងារដឹកជញ្ជូនផ្លូវគោក (Land Transport Working Group - LTWG) ផែនការសកម្មភាពរបស់ក្រុមការងារដឹកជញ្ជូនផ្លូវសមុទ្រ (Maritime Transport Working Group - MTWG) និងផែនការសកម្មភាពរបស់ក្រុមការងារសម្របសម្រួលការដឹកជញ្ជូន (Transport Facilitation Working Group - TFWG) និង ទី២ កំណត់ទិសដៅការងារ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្តនៅក្នុងត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ គណៈប្រតិភូឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានជួបប្រជុំជាមួយដៃគូសន្ទនាទាំងបួនរបស់អាស៊ានផងដែរ រួមមាន៖ ចិន ជប៉ុន កូរ៉េ និងសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកទិសដៅការងារ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។

អង្គប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៥៧ នឹងរៀបចំរបាយការណ៍ពាក់ព័ន្ធនានា ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន (ASEAN Transport Ministers Meeting - ATM) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕