(ក្រចេះ)៖ សមាជិក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ចំនួន២១រូប ត្រូវបានប្រកាសសុពលភាពចូលបំពេញការងារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងមហាផ្ទៃ សមាជិកសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញជុំវិញខេត្ត។

ក្នុងចំណោមសមាជិកក្រុមប្រឹក្សាខេត្តទាំង ២១រូបក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៨រូប និង ៣រូបមកពីគណបក្សឆន្ទៈខ្មែរ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា សមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែ តាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល។ លើសពីនេះ ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដែលមានគោលបំណងក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន, ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  

លោក នេត្រ ភក្ត្រា បានបន្ថែមថា កិច្ចការជា អាទិភាពបន្ដសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤ គឺការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល, ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា,ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្រ្ត បញ្ចកោណ គឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយ នឹងការកសាងជាតិ និងការពង្រឹង នីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

ជាមួយគ្នានេះដែរ ក៏ត្រូវបន្តអនុវត្តន៍កិច្ចការងារ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឆ្លើយតបឱ្យបានចំគោលដៅ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ទន្ទឹមនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីជា ក្រុមប្រឹក្សាមិនមានតួនាទី និងការទទួលខុសត្រូវផ្ទាល់លើការដឹកនាំគ្រប់គ្រង ចាត់ចែងការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមានភារកិច្ចតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីជំរុញក្នុងការធានាឱ្យមានសន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់ល្អ។

ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ប្រធានក្រុមការងារបានបញ្ជាក់ថា គឺចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ជម្រាបជូនដោយបានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តក្រចេះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត បាន រួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាម កំហែងកើតឡើងឡើយ ស្របតាមច្បាប់ បោះឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។

តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ មានចំនួន ២១រូប ដោយក្នុងនោះលោក ហឿ សុីយ៉ែម ជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។

ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤,២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាលខេត្តក្រចេះ មានចំនួនក្រុមប្រឹក្សាចំនួន ២១រូប៕