(កំពង់ធំ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលការណ៍អនុវត្តច្បាប់លើករណីបទល្មើសពាក់ព័ន្ធក្មេងទំនើង ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។

ការផ្សព្វផ្សាយនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ប្រធាន-អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តកំពង់ធំ។

លោក ផូង វណ្ណ បានបញ្ជាក់ពីគោលការណ៍ច្បាប់សម្រាប់អនុវត្តចំពោះបទល្មើសពាក់ព័ន្ធក្មេងទំនើង វិធានការណ៍អនុវត្តជាក់ស្តែង (គោលដៅផ្សព្វផ្សាយអប់រំ ដើម្បីទប់ស្កាត់ និងបង្រ្កាប) ឱ្យបានទាន់ពេលវេលា។

លោកបានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលារៀនឱ្យយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង ជាពិសេសត្រូវរៀបចំផែនការ និងកំណត់មុខសញ្ញារបស់ក្មេងទំនើង និងបទល្មើគ្រឿងញៀននៅតាមទីតាំងនានា ដូចជា ផ្ទះសំណាក់ កន្លែងកម្សាន្ត ខារ៉ាអូខេ និងកន្លែងលក់ដូរជិតសាលារៀនជាដើម ដើម្បីត្រៀមក្នុងការអនុវត្តវិធានការ។

លោកបន្តថា ឆ្លើយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ធ្វើយ៉ាងណាផ្សព្វផ្សាយនិងបង្ក្រាបក្មេងទំនើងដែលបង្កធ្វើឱ្យមានការប៉ះពាល់ អុកឡុកសង្គម គឺធ្វើដូចភ្លៀងរលឹមមិនត្រូវលើកលែងនៅឡើយ។

ជាមួយគ្នានេះ លោក រស់ សារាំ បានកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំពង្រឹងអនុវត្តច្បាប់ នាពេលកន្លងមក ពីបញ្ហាប្រឈមក្នុងការងារបង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំនេះ សំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើបញ្ហានេះ ហើយរាល់ការចុះបង្ក្រាបត្រូវធ្វើដោយគ្មានការលើកលែង ត្រូវរាយការណ៍មកថ្នាក់លើមានកិច្ចសហការគ្នាឱ្យបានល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងករណីចាំបាច់ត្រូវស្នើសម្របសម្រួលពីព្រះរាជអាជ្ញាចំពោះក្មេងទំនើងពេលចាប់បានត្រូវ ពិនិត្យរកសារធាតុញៀន បើក្នុងករណីមានសារធាតុញៀន។

លោកជំរុញឱ្យមន្ត្រីទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតដែលបង្កដោយក្មេងទំនើង ដូចជា បទល្មើសហិង្សា បទល្មើសគំរាមកំហែង បទល្មើសបង្កភាពវឹកវរក្នុងសង្គមជាដើម រដ្ឋបាលធ្វើការរៀបចំសេចក្តីប្រកាសព័ត៌មានអំពីចំណាត់ការនៃការអនុវត្តគ្រប់ដំណាក់កាលនៅពេលទទួលបានសំណុំរឿងក្មេងទំនើង៕