(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកពារាំងអាណត្តិទី៤ ក្នុងនោះមានប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាចំនួន២១រូប ព្រមទាំងបានផ្ដាំផ្ញើឱ្យត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។

ពិធីប្រកាសនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកពារាំង ខេត្តព្រៃវែង។ លោក ឈុន សារ៉ាត ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុកពារាំង និងសមាជិកក្រុមប្រឹក្សាចំនួន២០រូប សរុបទាំងអស់មានចំនួន២១រូប (ស្រ្តី២រូប)។

លោក សួន សុម៉ាលីន បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកពារាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកពារាំង អាណត្តិទី៤ នាពេលនេះ ដែលសរុបមានចំនួន២១នាក់ ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុកសម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកអភិបាលខេត្តបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួម ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ ការផ្លាស់ប្តូររចនាសម្ពន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សា​ សមាជិកក្រុមប្រឹក្សាស្រុកពារាំងទាំងអស់ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕