(ស្វាយរៀង)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានដាស់តឿនក្រុមប្រឹក្សាខេត្តស្វាយរៀងត្រូវបំពេញកិច្ចការដែលឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបថា ក្រុមប្រឹក្សាអាណត្តិទី៤របស់រដ្ឋបាលខេត្តស្វាយរៀងមានសមាជិកចំនួន២៣រូប ក្នុងនោះលោក ម៉ែន វិបុល ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង។

លោកស្រី ភឿង សកុណា បានអបអរសាទរចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តសម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀងជាមួយគណៈអភិបាលខេត្ត។

លោកស្រីបានថ្លែងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផងក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

លោកស្រីបណ្ឌិតសភាចារ្យក៏បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រីប្រធានក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយការអប់រំសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត៕