(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ណែនាំដល់មន្ត្រី និងក្រុមប្រឹក្សាក្រុង-ស្រុកត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចេះប្រើអំណាច និងតួនាទីឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ រក្សាឲ្យបាននូវគុណធម៌ និងសេចក្តីថ្លៃថ្នូរទាំងក្នុងនិងក្រៅម៉ោងធ្វើការ ពិសេសត្រូវប្រុងប្រយ័ត្នរាល់សម្តីសំដៅ កាយវិកា ចរិតឫកពា និងសីលធម៌ក្នុងសង្គម ដើម្បីធ្វើជាគំរូល្អដល់មន្ត្រី និងប្រជាពលរដ្ឋ។

ការណែនាំបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងស្រុកទឹកឈូ អាណត្តិទី៤ ក្រោមវត្តមានលោក តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្ត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមសាលាស្រុកទាំងពីរខាងលើ។

លោកអភិបាលខេត្តកំពតបានក្រើនរំលឹកដល់មន្ត្រីដែលមានឋានៈ តួនាទី ឬមន្ត្រីជាប្រធាន ត្រូវធ្វើជាគំរូល្អដល់កូនចៅ និងប្រជាពលរដ្ឋ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសម្តីសំដៅ ចរិតឫកពា រាល់ឥរិយាបថ និងសកម្មភាព ការងារប្រស្រ័យទាក់ទងក្នុងការបំពេញកិច្ចការងារក្តី និងក្រៅម៉ៅធ្វើការងារក្តី រក្សាឲ្យបាននូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅ។

លោកអភិបាលខេត្តបានសង្គត់ធ្ងន់ថា ជាមន្ត្រីមានឋានៈតួនាទី ត្រូវសាបព្រោះវប្បធម៌ជាតិនិយម គិតអំពីប្រយោជន៍រួម ប្រយោជន៍ប្រជាជន និងប្រយោជន៍ប្រទេសជាតិជាធំ ដោយត្រូវគិតថាខ្លួនមានជីវិត២ ត្រូវថែរក្សាឲ្យបាន ដែលជីវិតទី១ គឺជីវិតដែលកើតចេញពីថ្ងៃជ័យជំនៈ៧មករា ដែលសម្តេចតេជោបានរំដោះយើងគ្រប់គ្នាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាជីវិតដែលត្រូវការហូបចុក ដេក ដើរ ឈរ អង្គុយ ពីកើតរហូតដល់ស្លាប់។

ចំណែកជីវិតទី២ គឺជាព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរ មានដូចជាអរិយធម៌ វប្បធម៌ អក្សរសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី សាសនា ប្រាសាទ ធនធានធម្មជាតិ កេរ្តិ៍ដំណែលដូនតា។ល។ ដែលទាមទាឲ្យអ្នកជំនានើក្រោយយកចិត្តទុកដាក់ចូលរួមថែរក្សបន្ត។ ទាំងនេះគឺផ្តើមចេញតែពីការដឹកនាំ និងសាបព្រោះគ្រាប់ពូជ និងគំរូល្អរបស់មន្ត្រីថ្នាក់ដឹកនាំយើងនៅតាមមូលដ្ឋានក្រុង ស្រុកនេះឯង៕