(ភ្នំពេញ)៖ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទប្រទេស ហ្សឺណែវ លោក ណី សំអុល បានថ្លែងការប្រាប់ទៅប្រធានអង្គការសហប្រជាជាតិ ដោយបដិសេធ និងមិនស្វាគមន៍ រាល់ការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ការជ្រៀតជ្រែកមកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺក្បត់នឹងស្មារតី នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ពី ប្រទេសចំនួន៣៦ បានលើកយក ស្ថានភាពរំលោភសិទ្ធិមនុស្ស នៅកម្ពុជា មកដាក់ចេញសេចក្តីប្រកាសរួមឲ្យទៅ អគ្គលេខាធិការនៃក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំង៣៦នោះ ក៏អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបង្កបរិយាកាសនយោបាយ ឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ ដើម្បីឱ្យគណបក្សប្រឆាំង និងសង្គមស៊ីវិលធ្វើសកម្មភាពដោយសេរី។

លោក ណី សំអុល បានអះអាងថា «ការអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការអន្តរាគមន៍ នៅក្នុងកិច្ចការតុលាការ ជាអំពើជ្រៀតជ្រែកនៅក្នុងប្រព័ន្ធតុលាការដែលទង្វើបែបនេះ គឺជាការប្រឆាំងយ៉ាងច្បាស់ទៅនឹងគោលការណ៍មូលដ្ឋានគ្រឹះនៃនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ»

លោកបានបន្ថែមថា មានគណបក្សនយោបាយ អង្គភាព និងស្ថាប័នមួយចំនួន ដោយសារតែដើម្បីប្រយោជនរបស់បក្សពួកខ្លួន បានធ្វើការបំភ័នដោយចេតនា ញុះញង់ និងធ្វើឱ្យធ្ងន់ធ្ងរ ស្ថានភាពបច្ចុប្បន្ន រួមទាំងការបង្កឱ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការពង្រឹងនូវ នីតិរដ្ឋ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសន្តិសុខដើម្បីប្រយោជន៍សាធារណៈ និងឯកជន។

លោកបានបន្ថែមទៀតថា គណបក្សនយោបាយ អង្គភាព និងស្ថាប័នទាំងនោះ មិនគួរលាក់ខ្លួននៅក្រោមឆ័ត្រសិទ្ធិមនុស្សដើម្បីគម្រាបដោយប្រើកម្លាំង ឬប្លន់យកសណ្តាប់ធ្នាប់សាធារណៈ ភាពសុខសាន្ត​និងសុខដមរមនីយកម្មនៃសង្គមជាតិ ដោយគ្រាន់តែដើម្បីសារប្រយោជន៍នយោបាយ របស់បក្សពួកគេនោះទេ។ សកម្មភាពអាណាធិបតេយ្យ និងបំពានច្បាប់ ការញុះញង់ឱ្យមានការរើសអើង ជាតិសាសន៍ និងការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម មិនគួរត្រូវបានអត់ឱនឱ្យឡើយ ទោះនរណាជាអ្នកប្រព្រឹត្តក៏ដោយ។

ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ៖