(ព្រះសីហនុ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ ពោលគឺជាខេត្តទី៧ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

នាឱកាសនោះ គេឃើញមានការដង្ហែពានជ័យលាភីយ៉ាងឱឡារិក ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្សជាច្រើន និងមានពិធីរូតខ្សែបូប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ផងដែរ។

បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក តំណាងអង្គការ​ Plan អន្ដរជាតិកម្ពុជា បានធ្វើរបាយការណ៍ជូនអង្គពីធីស្តីអំពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមក រហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុកការទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺជាកិត្យានុភាពរបស់ខេត្តក្នុងការលើកកម្ពស់ការសង្ឃឹមរស់ (life expectancy)របស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានអាយុវែងថែមទៀត។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាពមកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាលមកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

លោកបានលើកឡើងអំពីយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ដ្រីបានបន្ដថា ស្របតាមយុទ្ធសាស្ដ្រនិងចក្ខុវិស័យដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗទាំង៤៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកាន់តែខ្ពស់ដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤-ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

គួរជម្រាបថា ខេត្តព្រះសីហនុជាខេត្តទី៧ហើយដែលសម្រចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយកន្លងមកមានខេត្តចំនួន៦ រួមមាន៖ ខេត្តស្វាយរៀង​ ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ៕