(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះជួយឃុំស្រើ បានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខគ្រួសារសពកុមារី អ៉ីន សុភក្តិ ដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកនៅកំពង់ចម្លងភូមិឈូកស្ទឹងកាលពីពេលកន្លងទៅ។

ការចុះសួរសុខទុក្ខនេះធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ អមដំណើរដោយលោក ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោក ឃឹង នុភាព បានសម្ដែងការសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធសពកុមារីបានទៅកាន់សុគតិភព និងបានលើកទឹកចិត្តដល់ក្រុមគ្រួសារសពឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពឱ្យល្អរឹងមាំ។

លោកតំណាងរាស្ត្រ ឃឹង នុភាព បានឧបត្ថម្ភជូនគ្រួសារសពថវិកាមួយចំនួន និងបានឧបត្ថម្ភសម្រាប់ទិញកង់៣គ្រឿង (ផ្ដល់ជូនសិស្សសាលាដែលបាត់កង់) ថវិកាចំនួនផងដែរ។

លោកក៏បានផ្តាំផ្ញើឱ្យសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។

សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនោះកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដែលបានបណ្ដាលឱ្យសិស្សអនុវិទ្យាល័យឈូកចំនួន១៥នាក់ (ស្រី១០នាក់) និងស្ត្រីជាម្ចាស់ទូកម្នាក់ទៀតលិចចូលក្នុងទឹកស្ទឹង។ ហេតុការណ៍នេះក៏បានធ្វើឱ្យកុមារី អ៉ីន សុភក្តិ លង់ទឹកស្លាប់បាត់បង់ជីវិតតែម្ដង៕