(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងការងារ ក៏ដូចជាសាលាបណ្ដុះបណ្ដាលជំនាញ TVET និងវិស័យឯកជនធំៗបានបញ្ជាក់ជាថ្មីថា បច្ចុប្បន្ន នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុនវិនិយោគនានាកាន់តែត្រូវការបុគ្គលិកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈច្រើនឡើងៗ ធ្វើឱ្យទីផ្សារការងារកាន់តែបើកទូលាយ ដូច្នេះយុវជនកម្ពុជាទាំងឡាយគួរចាប់ឱកាសរៀនជំនាញ TVET ឱ្យបានគ្រប់គ្នា ដើម្បីកសាងអនាគតរបស់ខ្លួន។

គេលើកឡើងពីចំណុចដ៏ល្អនេះក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រៅតែពីព័ត៌មានពាក់ព័ន្ធនឹងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនោះ ភាគីរដ្ឋ ឯកជន និងសាលា TVET ក៏បានអំពាវនាវដល់អាណាព្យាបាល សហគមន៍ ដៃគូពាក់ព័ន្ធ គួរចូលរួមជំរុញយុវជន សិស្ស និស្សិត ពិសេសយុវជនងាយរងគ្រោះឱ្យងាកមកទទួលយកការបណ្ដុះបណ្ដាលជំនាញបចេ្ចកទេសនិងវិជ្ជាជីវៈ ព្រោះជាស្ពានចម្លងដ៏ចាំបាច់ក្នុងការស្វែងរកការងារ ក៏ជាបង្កើតមុខរបរដោយខ្លួនឯង ដើម្បីលើកស្ទួយជីវភាពរៀងៗខ្លួន។

ជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន បានអំពាវនាវដល់យុវជនឱ្យងាកមកចាប់យកការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងទីផ្សារការងារដ៏ច្រើននាពេលបច្ចុប្បន្ន ព្រោះវាងាយស្រួលក្នុងការស្វែងរកការងារធ្វើ មានប្រាក់ចំណូលខ្ពស់ ពិសេសគឺចំពេលដែលរាជរដ្ឋាភិបាលកំពុងមានការយកចិត្តទុកដាក់ខ្លាំង។

លោកបន្តថា កម្មវិធីការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ១.៥លាននាក់ ជាឱកាសដ៏ល្អបំផុតសម្រាប់យុវជនកម្ពុជាក្នុងការទៅមកទទួលការបណ្ដុះបណ្ដាលជំនាញ TVET នៅតាមសាលាដែលនៅជិតពួកគេបំផុត។

លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារការងារជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ គឺមានភាពទូលាយណាស់សម្រាប់យុវជនដែលមានជំនាញ ថែមទាំងទទួលបានប្រាក់ចំណូលខ្ពស់។

លោកថ្លែងថា «អ្នករៀនជំនាញ TVET ខ្លះប្រឡាក់ខ្លួនមែន តែប្រាក់ចំណូលរាប់រយដុល្លារក្នុងមួយថ្ងៃៗ ចំថ្ងៃខ្លះជាងជួសជុលឡានអាចរកបាន៧០០-៨០០ដុល្លារ ឱ្យតែដៃប្រសប់»។

លោក សាយ រតនៈ តំណាងក្រុមហ៊ុន RMA បានលើកឡើងថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ការជំរុញធនធានមនុស្សក្នុងស្រុកឱ្យមានជំនាញពិតប្រាកដ ដើម្បីអាចបំពេញទីផ្សារការងារ។ កាលណាកម្មករជំនាញរបស់កម្ពុជាសម្បូរកាន់តែច្រើន ក្រុមហ៊ុនក៏លើកទឹកចិត្តក្នុងការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើនជាងកម្លាំងពលកម្មមកពីបរទេសដែរ និយាយរួម តំណែងល្អៗនិងប្រាក់ខែខ្ពស់ៗរង់ចាំសម្រាប់អ្នកជំនាញកម្ពុជាជានិច្ច។

មិនថាតែក្រុមហ៊ុន RMA ទេ ក្រុមហ៊ុនវិនិយោគដទៃទៀតក៏ត្រូវការកម្មករជំនាញ បុគ្គលិកជំនាញកាន់តែច្រើនដែរ ខណៈនៅកម្ពុជាមានក្រុមហ៊ុនវិនិយោគបើកថ្មីសឹងរៀងរាល់ថ្ងៃ ដែលនោះហើយជាឱកាសសម្រាប់យុវជនកម្ពុជាក្នុងការចាប់យកឱកាសការងារជំនាញណាមួយដែលខ្លួនពេញចិត្ត, នេះបើតាមការបន្ថែមរបស់លោក សាយ រតនៈ។

លោក ប៊ុន ភារិន្ទ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកឡើងពីបទពិសោធន៍របស់សិស្ស និស្សិតក្នុងសាលារបស់លោកថា ឱ្យតែរៀនចប់ ពួកគេមានការងារធ្វើគ្រប់ៗគ្នា អ្នកខ្លះខាងក្រុមហ៊ុនមកកក់មុនពេលរៀនចប់ទៅទៀត គឺទទួលបានប្រាក់ខែខ្ពស់ៗ។ ម្យ៉ាងវិញទៀត អ្នកដែលបានបើកមុខរបរខ្លួនគេ ក៏ឃើញថាការមានរីកចម្រើនជាលំដាប់ផងដែរ។

លោកនាយកវិទ្យាស្ថាន NPIC​ ក៏បានបញ្ជាក់ដែរថា ឱកាសទីផ្សារការងារសម្រាប់ជំនាញ TVET នេះ កាន់តែរីកធំទូលាយ ខណៈការបណ្ដុះបណ្ដាលសម្រាប់ផ្ដត់ផ្គង់ក្នុងទីផ្សារការងារនៅតិចតួចនៅឡើយ ដូច្នេះលោកក៏បានអំពាវនាវដល់យុវជនទាំងឡាយដែលមិនទាន់មានជំនាញពិតប្រាកដ គួរចាប់ឱកាសរៀនជំនាញ TVET ឱ្យបានគ្រប់គ្នា ដើម្បីកសាងអនាគតរៀងៗខ្លួន។

អង្គសន្និសីទក៏បានអំពាវនាវដល់យុវជនឱ្យទៅមកចុះឈ្មោះចូលរៀនជំនាញ TVET តាមរយៈកម្មវិធីការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ១.៥លាននាក់ ដែលជាកម្មវិធីដ៏ល្អពិសេសណាស់ដើម្បីផ្តល់ឱកាសឱ្យយុវជនគ្រប់គ្នាមានជំនាញយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

បើតាមការបញ្ជាក់របស់លោកអគ្គនាយក TVET ចំពោះកម្មករជំនាញកម្រិត C1 នៅពេលបានការងារធ្វើហើយ សាមីខ្លួនក៏អាចបន្តការសិក្សាដំឡើងកម្រិតជំនាញរបស់ខ្លួនបន្ថែមទៀតដែរ ព្រោះកម្មវិធីបណ្ដុះបណ្ដាល TVET នេះ តែងបើកផ្លូវសម្រាប់អ្នកចង់បន្តការសិក្សាទៅកាន់ថ្នាក់ឧត្តមសិក្សាផងដែរ៕