(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក បើធនធានមនុស្សមិនរស់រវើកទេនោះ ច្បាស់ណាស់ប្រទេសជាតិនឹងដើរមិនទាន់ប្រទេសផ្សេងឡើយ។

ការមានប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងនៅព្រឹកថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ប្រមាណ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើង​នៅ​សាល​សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការប្រៀបធៀបថា បើសិនមិនមានធនធានមនុស្សរវើកទេនោះ ប្រៀបបានដូចជាកុំព្យូទ័រមួយដែលគេផលិតឡើង មិនបានធ្វើកំណែទម្រង់ថ្មី (Update) នោះដែរ ពោលនៅត្រឹងមួយកន្លែងមានការរីកចម្រើនឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម៉ាស៉ីនកុំព្យូទ័រគេធ្វើមកទំនើបណាស់ ប៉ុន្ដែបើគ្មានមនុស្សធនធាន ដែលអាប់ឌែតធ្វើកម្មវិធីថ្មីទេ កុំព្យូទ័រនេះនឹងនៅតែប៉ុណ្ណឹង។ ប្រទេសយើងដូចគ្នា បើយើងចង់ឲ្យប្រទេសយើងវិវឌ្ឍន៍រីកចម្រើនជានិច្ចទាល់តែមានធនធានមនុស្សដែលរស់រវើក បើយើងនៅហ្នឹង យើងនឹងថយ បើប្រៀបធៀបប្រទេសផ្សេងនៅជុំវិញយើង»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឥលូវពិភពលោកនិយាយពីសម័យបច្ចេកវិទ្យាថ្មី ឌីជីថល AI ដូច្នេះបើកម្ពុជាមិនបានរៀបចំថ្នាល់បណ្ដុះបណ្ដាល ដើម្បីត្រៀមដើរឲ្យទាន់ឌីជីថល និង AI ទេនោះ មិនទៅរួចទេ ហើយនឹងដើរក្រោយគេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានដាក់ចេញគោលនយោបាយរួម ជាមួយវិស័យឯកជនជាច្រើនគិតគូរបែបនេះ ដើម្បីបណ្ដុះបណ្ដាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។ សម្ដេចបានកត់សម្គាល់ និងបង្ហាញមោទនភាពថា ឥឡូវនេះកូនខ្មែរមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ ហើយត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា រាជរដ្ឋាភិបាលបានបើកឱកាសឲ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិនិយោគលើវិស័យអប់រំ ហើយសម្ដេចលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាមួយក្រសួងអប់រំ ដើម្បីពង្រឹងគុណភាពអប់រំ។ គុណភាពអប់រំល្អ គឺអាស្រ័យលើគ្រឹះស្ថានអប់រំ ដែលជារោងចក្រផលិតធនធានមនុស្ស៕