(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានចំនួន៣ករណីផ្សេងគ្នា ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ដោយបានឃាត់ខ្លួន៥នាក់ និងវត្ថុតាងជាច្រើន មានថ្នាំញៀន និងសម្ភារមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹក ថ្ងៃ១៦ កញ្ញានេះ ថា កម្លាំងសមត្ថកិច្ចបានចេញបង្ក្រាបករណីគ្រឿងញៀន ចំនួន៣លើក រួមមាន៖
លើកទី១៖ នៅយប់ ថ្ងៃទី១៤ ខែកញ្ញា ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផន បាវ អាយុ២៤ឆ្នាំ ព្រមទាំងបានដកហូតបានថ្នាំញៀន១កញ្ចប់ និងកូនកាំបិត១ដើម។
លើកទី២៖ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រស់ ម៉ូត អាយុ៣០ឆ្នាំ ដកហូតបានថ្នាំញៀន១កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។
លើកទី៣៖ នៅល្ងាច ថ្ងៃទី១៥ ខែកញ្ញា ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ មានឈ្មោះ ១.មាស រដ្ឋា អាយុ២៤ឆ្នាំ, ២.ឈ្មោះ ឆោម តារា អាយុ២០ឆ្នាំ, ៣.ឈ្មោះ លឹម សុភក្រា អាយុ២៤ឆ្នាំ ដោយបានដកហូតបានថ្នាំញៀន២កញ្ចប់តូច និងសម្ភារជក់គ្រឿងញៀនមួយចំនួន។
លោកឧត្តមសេនីយ៍ទោបានបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕