(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ដោយខ្លួនឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចបានលើកឡើងថា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសអភិវឌ្ឍតិច កាលពីឆ្នាំ​២០១៩ ដែលកន្លងទៅ នៅពេលកម្ពុជានៅជាប្រទេសអភិវឌ្ឍតិច យើងនៅមានផលប្រយោជន៍មួយចំនួន ក្នុងនោះមានដូចជាការអនុគ្រោះ ការផ្តល់ប្រាក់កម្ចីជាដើម ហើយនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រ គឺគោលការណ៍មួយចំនួន ត្រូវបានដកចេញ ហើយអ្នកខ្លះបានសួរថា ហេតុអ្វីបានជាចាកចេញ ព្រោះអាចនឹងបាត់បង់ផលប្រយោជន៍មួយចំនួនពីការអនុគ្រោះ?

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «អត់ទេ យើងមិនត្រូវការរស់ ដោយសារការប្រណីរបស់គេទេ យើងត្រូវការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រូវតែផ្តល់ប្រាក់កម្ចី យើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា​ «តែបើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅដែលយើងក្លាយទៅជាប្រទេសអ្នកមាន ឆ្នាំ២០២៥ មិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ ប្រទេសអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីយើងដាក់ទិសដៅក្នុងការពង្រឹងខ្លួនឯង»

សម្តេចបានពន្យល់ថា ពាក្យថា «យើងចង់ឯករាជ្យ» គឺត្រូវតែធ្វើខ្លួនឯងរស់ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ដោយនរណានោះទេ ហើយយើងប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់។

សម្តេចធិបតី បានបញ្ជាក់បន្តទៀតថា យើងអាចពឹងគេនៅពេលដែលយើងទន់ខ្សោយ ដើម្បីពង្រឹងខ្លួនរយៈពេលវែង។ សម្តេចបានរំលឹកថា ប្រទេសកម្ពុជាកាលពីទសវត្សរ៍៨០ និង៩០ គឺបានពឹងអ្នកដទៃ ប៉ុន្តែពេលនេះយើងពឹងខ្លួនឯងលើគ្រប់វិស័យ។

សម្តេចបានលើកឧទាហរណ៍ អំពិវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលទទួលជោគជ័យកន្លងមក គឺពឹងលើខ្លួនឯង ជាពិសេសកងទ័ពអាវសរបស់កម្ពុជាដែលមានភាពម្ចាស់ការខ្ពស់ ធ្វើឱ្យកម្ពុជាឆ្លងតិច និងស្លាប់តិចជាងគេនៅអាស៊ី៕