(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចងក្រងជាសហគមន៍កសិកម្មទំនើបរបស់ប្រជាកសិករ នឹងក្លាយជារបាំងនាំចូលដោយស្វ័យប្រវត្តិ ដែលការពារទាំងអ្នកដាំនិងអ្នកបរិភោគ និងអ្នកគាំទ្រផលិតផលក្នុងស្រុកផងដែរ។

ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យក្រសួងកសិកម្ម ធ្វើឡើងក្នុងឱកាសដែលលោកបានចុះត្រួតពិនិត្យសហគមន៍កសិកម្មក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ បានសង្កេតឃើញពីសក្តានុពលខ្លាំងរបស់សហគមន៍ត្រាំកក់សម្រាប់ដំណាំបន្លែស្លឹក ដែលជាមូលដ្ឋានគ្រឹះមានរួចអស់ទៅហើយ នៅសល់តែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដោយបញ្ឈប់ការប្រកួតប្រជែងគ្នាឯង និងងាកមកផលិតរួមនិងគ្រប់គ្រងរួម ដើម្បីផ្គត់ផ្គង់បន្លែកុំឱ្យដាច់នៅក្នុងតម្លៃសមរម្យមួយ នោះនឹងអាចមានទីតាំងដាំបន្លែទ្រង់ទ្រាយធំមួយនៅក្នុងខេត្តតាកែវ ដែលអាចប្រកួតប្រជែងជាមួយនឹងបន្លែនាំចូលបានហើយ។

លោកបានបន្តថា ជាបឋមមានបងប្អូនអ្នកដាំបន្លែចំនួន៤២គ្រួសារ បានស្ម័គ្រចិត្តចុះឈ្មោះរួមគ្នាដើម្បីបង្កើតជាសហគមន៍កសិកម្មទំនើប ហើយក្រុមការងារត្រូវការពេលសិក្សាលម្អិតបន្ថែមបន្តិចទៀត ដែលសង្ឃឹមថានឹងអាចបង្កើតបានជាសហគមន៍បន្លែដ៏ធំមួយនៅទីនេះក្នុងពេលឆាប់ៗនេះ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។

លោក បានលើកឡើងទៀតថា ហេតុដូច្នេះហើយបានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា «ការធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលដោយស្វ័យប្រវត្តិ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា»