Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារធំ កើតចេញពីការងារតូច ដូច្នេះត្រូវប្រឹងប្រែងជាប់ជាប្រចាំ (Video inside)

13-06-2024 11:28

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការងារធំ កើតចេញពីការងារតូច ដូច្នេះត្រូវប្រឹងប្រែងជាប់ជាប្រចាំ ហើយគ្មាននរណាជោគជ័យគ្រប់រឿងនោះទេ ប៉ុន្តែកុំបោះបង់ការប្រឹងប្រែង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា [...] ការខិតខំប្រឹងប្រែងតស៊ូ គឺជាកត្ដានៃភាពជោគជ័យ និងភាពអំណត់ យើងអត់អាចបាននូវអ្វី ដែលយើងចង់បានគ្រប់ពេលនោះទេ តែកុំបោះបង់ គ្មានពីណាបានជោគជ័យគ្រប់នោះទេ តែកុំបិទច្រកខ្លួនឯង»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចបានជួប និងបានឃើញមនុស្សច្រើន ដែលឆាប់បោះបង់ ហើយខាតទាំងការងារ ទាំងការរៀនសូត្រ។ សម្ដេចធិបតី បានលើកឡើងទៀតថា ក្នុងមួយឆ្នាំៗ សម្ដេចផ្ដល់អាហារូបករណ៍ ដល់សិស្សរាប់ពាន់នាក់ តាមរយៈអាហារូបករណ៍សម្ដេចតេជោ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការតស៊ូអំណត់ ព្យាយាម និងដាក់ទិសដៅច្បាស់លាស់ គឺជាកិច្ចការសំខាន់ ហើយការរៀនសូត្រ មិនខុសពីការងារនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការងារតូចត្រូវតែធ្វើ ហើយកុំឆាប់បោះបង់»៕