(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះបានថ្លែងឱ្យដឹងថា ឥឡូវនេះ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងបរទេសនោះទេ ដែលនេះជាមោទនភាពសម្រាប់ខ្មែរ ហើយត្រូវតែជំរុញលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិមានរីកចម្រើនទៅមុខទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលកូនខ្មែរធ្វើបានសម្រាប់ប្រទេសជាតិ ដូចជាការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh) ដែលឈ្នះពានរង្វាន់លេខ១ នៅអាស៊ាន និងលេខ២ លើកពិភពលោក ព្រមទាំងការកសាងនូវហេដ្ឋាចរនាសម្ព័ន្ធជាច្រើនទៀត ដូចជា អគារវិមានសន្តិភាព ដែលគូរប្លង់ដោយកូនខ្មែរ វិស្វករខ្មែរ សាងសង់ដោយក្រុមហ៊ុនខ្មែរ។

សម្តេចបានលើកឡើងទៀតថា កាលពីឆ្នាំ១៩៩០ជាង ការធ្វើផែនការមួយចំនួន កម្ពុជាពឹងផ្អែកជំនាញការពីបរទេស ប៉ុន្តែពេលនេះ ផែនការយុទ្ធសាស្ត្រជាតិ ដូចជាយុទ្ធសាស្ត្រចតុកោណ បញ្ចកោណជាដើម គឺកម្ពុជាធ្វើដោយខ្លួនឯង ហើយដឹកនាំអនុវត្តន៍ដោយខ្លួនឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថាថា កូនខ្មែរត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ ដែលនេះធ្វើឱ្យយើងមានឯករាជ្យភាព ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសជួយនោះទេ។

ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងដូច្នេះថា «ប្រទេសយើងចេញពីទសវត្សរ៍ទី៨០ យើងត្រូវពឹងបរទេសច្រើន ដោយសារអ្នកចេះដឹងរបស់យើងខ្វះខាត យើងត្រូវពឹងជំនាញការពីបរទេស។ ឆ្នាំ៩០ជាង ពេលដែលយើងបោះឆ្នោតរួច យើងពឹងជំនាញការអ្នកធ្វើផែនការពីបរទេស ឥឡូវផែនការអភិវឌ្ឍន៍របស់យើង ទាំងបញ្ចកោណ ចតុកោណ គឺយើងធ្វើខ្លួនឯង ហើយមិនត្រឹមតែសរសេរខ្លួនឯងនោះទេ ប៉ុន្តែដឹកនាំអនុវត្តន៍ខ្លួនឯង នេះគឺឯករាជ្យភាពរបស់យើង។ យើងធ្វើសំណង់ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ជាច្រើនពឹងលើខ្លួនឯង នេះធ្វើឱ្យយើងមានឯករាជ្យភាព បានន័យអត់ចាំបាច់ធ្វើអ្វីបន្តិច ក៏ទៅរកគេពីក្រៅមកទេ»

សម្តេចបានថ្លែងទៀតថា សមត្ថភាពរបស់កូនខ្មែរ ដែលជាសម្រេចបាននូវសមិទ្ធផលជូនប្រទេសជាតិនេះ គឺបានមកពីការអប់រំបណ្តុះបណ្តា ហើយរាជរដ្ឋាភិបាល បានបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាល៕