(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានោះទេ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅកម្ពុជា ម៉ោងនេះមិនចាំបាច់ នៅក្នុងការបង្កើត ឬមួយបណ្តុះបណ្តាលខាងយានអវកាសនិកនោះទេ ថ្ងៃមុនពីណាមកជួបខ្ញុំថា គេសុំបង្កើតមហាវិទ្យាល័យមួយ ផ្នែកអវកាសនៅកម្ពុជា ខ្ញុំថានៅកម្ពុជាអត់ទាន់ត្រូវការនោះទេ អ្នកឯងចង់ធ្វើទៅ ប៉ុន្តែ ខ្ញុំប្រាប់ថាវាអត់ត្រូវការដាក់នាំតែខាតទេ...!»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យយោបល់អ្នកវិនិយោគិនដែលចង់បើកមហាវិទ្យាអវកាសនៅកម្ពុជា សុំងាកទៅបើកមហាវិទ្យាផ្នែក IT ឌីជីថល ឬបញ្ញាសិប្បនិម្មិត (IA) វិញ ពីព្រោះបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការខ្ពស់លើវិស័យទាំងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាត្រូវការជំនាញដែលជាតម្រូវការចាំបាច់នៅចំពោះ និងព្យាករណ៍ទៅថ្ងៃអនាគតដែលមានភាពពិតប្រាកដសម្រាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា។ ដូច្នេះ ការបង្កើតធនធានមនុស្ស និងការបង្កើតទីផ្សារ ជាធាតុជួយគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការណ្តុះបណ្តាលនៅតាមមហាវិទ្យាល័យនានានៅកម្ពុជា​ត្រូវភ្ជាប់កម្មវិធីតម្រង់ទិសក្នុងការសិក្សា និងការអនុវត្តជាក់ស្តែង។ «រៀននៅក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម»។ ដូចនេះ ការបើកបង្រៀនត្រូវតែឆ្លើយតបឱ្យចំជំនាញ ដែលជាតម្រូវការចាំបាច់សមស្របទៅតាមតម្រូវការរបស់សង្គម និងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើកម្ពុជារស់ដោយសារគេអនុគ្រោះ នោះកម្ពុជានៅតែពឹងគេមួយជីវិត។ កម្ពុជា អត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង។ ពេលងើបចេញពីសង្គ្រាមកម្ពុជាត្រូវពឹងគេដើម្បីរស់ និងដើម្បីពង្រឹងខ្លួនឯង តែមិនអាចរស់ពឹងគេរហូតនោះទេ។

ការលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់សំដៅដល់ការពង្រឹងធនធានមនុស្សរបស់កម្ពុជាកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ក៏ដូចជាដើម្បីបម្រើឱ្យប្រយោជន៍ដោយមិនពឹងផ្អែកគេ ក៏អាចឱ្យយើងរស់បាន។ សម្ដេចធិបតីបានចាត់ទុកការពង្រឹងលើធនធានមនុស្ស គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕