(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi Inada បាននិយាយថា ជប៉ុន នឹងពង្រឹងសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង តាមរយៈការហ្វឹកហាត់ និងការល្បាតសមុទ្ររួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក ជាលក្ខណៈទ្វេភាគី ឬក៏ពហុភាគី ជាមួយបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និង អន្តរជាតិ Washington think tank លោកស្រី Inada បានអះអាងថា ជប៉ុននឹងពង្រឹងការចូលរួមរបស់ខ្លួននៅក្នុងតំបន់ ជាទីដែលទីក្រុងតូក្យូ បានចែករំលែកក្ដីព្រួយបារម្ភជាមួយសហរដ្ឋអាមេរិក ជុំវិញការសកម្មភាពនិងការបន្តទាមទារ ដែនអធិបតេយ្យភាពរបស់ចិន នៅដែនសមុទ្រនានា។
លោកស្រីបានបន្តដូច្នេះថា «នៅក្នុងបរិបទនេះ ខ្ញុំគំាទ្រប្រតិបត្តិការដោយសេរី នៃការនាវាចរណ៍ របស់ សហរដ្ឋអាមេរិក ដែលនឹងក្លាយជាមធ្យោបាយមួយ ជម្រុញឱ្យមានការគោរពច្បាប់សមុទ្រ និង សណ្ដាប់ធ្នាប់អន្តរជាតិ ហើយរដ្ឋាភិបាលជប៉ុន បានត្រៀមខ្លួនជាស្រេចដើម្បីជួយពង្រឹងសមត្ថភាព នៃបណ្ដាប្រទេសមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងចិន»។
គួរបញ្ជាក់ថាថា នៅក្នុងខែកញ្ញានេះ ជប៉ុនបានសន្យាថា នឹងផ្ដល់ នាវា និងយន្ដហោះល្បាត ជាច្រើនគ្រឿងដល់ប្រទេស ហ្វីលីពីន និងវៀតណាម ដើម្បីយកទៅប្រើប្រាស់ ខណៈទីក្រុងប៉េកំាង កំពុងបង្កើនសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូង ដូចជាការចោទប្រកាន់របស់អាមេរិកថា យោធាចិនកំពុងកសាងកោះសប្បនិម្មិត និងមូលដ្ឋានយោធាចាស់ឬសនៅទីនោះ៕