(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាទាំងយប់ទៅមន្រ្តីជំនាញនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះពិនិត្យនៅហ្នឹងកន្លែងផ្ទាល់ ដែលកើតមានពពុះហើរចេញមកលើផ្លូវ ហើយធ្វើការតាមដាន រកប្រភពនៃការកើតមាននេះ ក្រែងលោមានការបញ្ចេញកាកសំណល់ កខ្វក់ពីរោងចក្រណាមួយនៅក្នុងតំបន់នោះ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។
តាមមន្រ្តីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ ដែលបានចុះពិនិត្យជាក់ស្តែង បានសន្និដ្ឋានជាជំហ៊ានដំបូងថា ពពុះដែលបានហើរនៅលើថ្នល់នោះ បានកើតឡើងនៅទីតាំងបូមទឹកទំនប់កប់ស្រូវ។ ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យការបូមទឹកត្រូវដំណើរការ២៤ ម៉ោងលើ២៤ម៉ោង ដែលធ្វើឱ្យពពុះទឹកទាំងនោះបែកឡើងច្រើន ហើយនៅពេលមានខ្យល់បក់ខ្លាំង បណ្តាលឱ្យពពុះទឹកទាំងនោះ ហោះហើរមកលើផ្លូវថ្នល់។
នៅខណៈនោះដែរ មន្រ្តីជំនាញក៏បានយកទឹកដែលមានពពុះទាំងនោះ ទៅធ្វើតេស្តពិសោធរកផលប៉ះពាល់។ រហូតដល់វេលាម៉ោង០៩យប់ ពពុះទឹកទាំងនោះបានបែកក្រាបនៅទុយោ និងលើផ្ទៃបឹងធម្មតាវិញ ពុំមានហើរនៅលើថ្នល់ទៀតទេ។ តែប្រសិនបើមានខ្យល់បក់ខ្លាំងពពុះទឹក អាចនឹងហើរមកលើថ្នល់ម្តងទៀត តាមចរន្តទិសនៃខ្យល់បក់។
ទោះជាលទ្ធផលនៃការអង្កេតបឋមបានបង្ហាញថាពពុះទាំងនោះ កើតចេញពីការបូមទឹកក្នុងទំហំច្រើនយ៉ាងណាក៏ដោយ ក៏លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់បញ្ជាបន្ថែមឱ្យមន្រ្តីជំនាញ ត្រូវបន្តតាមដានអោយបានដិតដល់ពីបញ្ហានេះ ព្រោះពពុះដែលកើតមានឡើ ងក្នុងចំនួនច្រើនបែបនេះ អាចបណ្តាលមកពីករណីផ្សេង ឬអាចជាករណីនៃការបង្ហូរកាកសំណល់ ពីរោងចក្រណាមួយក្នុងតំបន់នោះ ហើយប្រសិនបើរកឃើញថាពពុះនោះកើតឡើង ដោយការបំពុលពីប្រភពរោងចក្រណាមួយ មន្រ្តីជំនាញត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធចាត់វិធានការបន្ទាន់ ដើម្បីជៀសស្ថានភាពកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ជាញឹកញយ មន្រ្តីជំនាញនៃក្រសួងឧស្សហកម្ម និងសិប្បកម្ម តែងតែចុះត្រួតពិនិត្យ និងណែនាំ នៅតាមបណ្តារោងចក្រ សហគ្រាសនានា ឱ្យអនុវត្តឱ្យបានខ្ចប់ខ្ចួបនូវបទដ្ឋានសុវត្ថភាព និងច្បាប់ផ្សេងៗទាក់ទងនឹងវិស័យឧស្សាហកម្ម ដើម្បីបង្ការផលប៉ះពាលអវិជ្ជមានណាមួយ ដែលបង្កដោយរោងចក្រសហគ្រាសនានា៕