(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកាត់ដីជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន៥ គឺភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ៥ សរុបមានចំនួន១២៦០គ្រួសារ នៅខេត្តរតនគិរី ឲ្យមានប្លង់កាន់កាប់ស្របច្បាប់វិញ។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅមុននេះបន្តិច ខណៈសម្តេចតេជោ ហ៊ុន សែន ជួបជុំជាមួយមន្រ្តីរាជការនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ដីដែលសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់នាពេលនេះ គឺស្ថិតនៅសង្កាតកាចាញ ដែលមានភូមិចំនួន៥ គឺភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ៥ ដែលមានប្រជាពលរដ្ឋចំនួន១២៦០ គ្រួសារ ហើយប្រគល់ទៅឲ្យប្រជាពលរដ្ឋទៅតាម ទំហំដីជាក់ស្តែងដែលប្រជាពលរដ្ឋបានកាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ នេះបើយោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
សម្តេចតេជោ មានប្រសាសន៍ឲ្យដឹងទៀតថា ក្រសួងដែនដី និងអាជ្ញាធរខេត្តនឹងរៀបចំប្លង់កម្មសិទ្ធិ ដីស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យមានសិទ្ធិកាន់កាប់ រស់នៅនិងអភិវឌ្ឍន៍លំនៅដ្ឋានឲ្យបានល្អសមរម្យ៕