(ភ្នំពេញ)៖ លោក ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការលើកស្ទួយសហគ្រាស សហគ្រិនភាព ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតឱកាសធុរកិច្ចថ្មី ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

លោក ឈាង គ្រីស្តុហ្វ បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋ តួកគី» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សហគ្រាស និងក្រុមហ៊ុននាំចេញផលិតកម្ពុជាផ្សេងៗទៀតជាច្រើន។

គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្តល់ឱកាសឱ្យអាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ និងនីតិវិធីនាំចេញ ដើម្បីធានាបាននូវការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិប្រកប ដោយប្រសិទ្ធភាព ជាពិសេសស្វែងយល់ពីតម្រូវការទីផ្សារ បរិយាកាសធុរកិច្ច ផ្នត់គំនិត និងរសនិយមរបស់អ្នកប្រើប្រាស់ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី។

លោក ឈាង គ្រីស្តុហ្វ បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ជាអាទិភាពទី៣ ស្តីពីការបន្តពង្រឹង និងការពង្រីកទីផ្សារក្នុងស្រុក និងសកល សម្រាប់សហគ្រាសធុនតូច មធ្យម និងធុរកិច្ចថ្មី តាមរយៈការដាក់ឱ្យអនុវត្តយន្តការគាំទ្ររបស់រដ្ឋនានា និងលទ្ធកម្មសាធារណៈ ព្រមទាំងការផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ដល់ការបង្កើតបណ្តាញធុរៈកិច្ច។

ក្រសួងពាណិជ្ជកម្មក៏ដូចជាអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានតួនាទីនិងភារកិច្ច ស្វែងរកទីផ្សារ លើកកម្ពស់ផលិតផលជាតិ ជំរុញការនាំចេញផលិតផល និងសេវាកម្ម។ ជាក់ស្តែងកាលពីពេលកន្លងទៅ និងពេលបច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការ បានធ្វើកិច្ចការនេះជាច្រើនតាមរយៈការធ្វើសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផល របស់ប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ និងសិក្ខាសាលាផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា នៅតាមបណ្តារាជធានី-ខេត្ត ការរៀបចំទិវាបន្លែផ្លែឈើ ការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរជាច្រើនទៀត។

លោក ឈាង គ្រីស្តុហ្វ បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះផ្តល់ឱកាសសម្រាប់សហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជនកម្ពុជា ក្នុងការសិក្សាស្វែងយល់បន្ថែមពីតម្រូវការផ្ទាល់ពីបរទេសចំពោះផលិតផលកម្ពុជា នីតិវិធីក្នុងការនាំចេញ នាំចូល ការរចនាផលិតផល តម្លៃ និងការប្រកួតប្រជែង ការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតផលរបស់ខ្លួនទៅតាមការបញ្ជាទិញ និងព័ត៌មានពាក់ព័ន្ធផ្សេងៗ។

លោកបានអះអាងដែរថា ការចូលរួមចែករំលែកពីសំណាក់វាគ្មិននៅតាមបណ្តាប្រទេសទាំងបី និងវាគ្មិននៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាធាតុចូលដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងស្វែងរកទីផ្សារក្រៅប្រទេសផងដែរ៕

t