(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។

ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង​លោក Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង នារសៀល​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកអភិបាលខេត្តជេជូ បានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានឆ្លៀត​ពេល​វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និង​ពិ​ភា​ក្សា​​ការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរ​ទស្ស​នកិច្ចមកកម្ពុជានាឱកាសនេះ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជ​ធានីភ្នំ​ពេញ និងខេត្តស្វយ័តពិសេសជេជូ។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពី​លទ្ធ​ភាព​នៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។

ក្រៅពីនេះលោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគ​លើ​វិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងកូរ៉េខាងត្បូង និងកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ​ជា​មួយលោកអភិបាលខេត្ត និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវ​ការចុះ​អនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និង​លោកអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលសម្តេចធិបតី អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​ការនៅកូរ៉េខាងត្បូង អំពីការតភ្ជាប់រវាងខេត្តជេជូ និងកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការ​ជំរុញ​កំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ច​សហ​ការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការ​វិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា៕