(កំពង់ធំ)៖ លោក ឡេង ច្រិច វ័យ៨០ឆ្នាំ រស់នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាបុគ្គល​មួយដែលមានជំហរដ៏រឹងមាំបំផុតជាមួយគណបក្សប្រឆាំងតាំងពីបក្ស សម រង្ស៉ី បក្សសង្គ្រោះជាតិ រហូតដល់បក្សភ្លើងទៀន។ លោក ឡេង ច្រិច ក៏ត្រូវបានគណបក្សភ្លើងទៀតផ្តល់ទំនុកចិត្តឱ្យឈរ​ឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំថែមទៀតផង។

គេមនុស្សចាស់ចិត្តមិនប្រែនោះឡើយ បើស្រឡាញ់អ្វីមួយ គឺស្រឡាញ់អស់ពីចិត្ត តែបើស្អប់វិញ គឺស្អប់ដល់ឆ្អឹងសូម្បីឈ្មោះក៏មិនចង់ឮដែរ។ ពេលនេះអ្នកគាំទ្របក្សប្រឆាំងដែលមានវ័យ​ចំណាស់​រូបនេះ បានសម្រេចចិត្តដើរចេញពី​គណ​បក្ស​ប្រឆាំងហើយ។ ការផ្លាស់ប្តូរចិត្តអស់ស្នេហ៍ លែង​ស្មោះ​ជាមួយបក្សប្រឆាំង ក៏ព្រោះតែលោក​តាអស់សង្ឃឹមចំពោះការដឹកនាំរបស់គណបក្សប្រឆាំង ដែលកំពុងតែបែកបាក់សាមគ្គី ដឹកនាំបែបបក្ខពួកនិយម ខ្វះភាពស្មោះត្រង់នឹងគ្នាជាដើម។

សម្រាប់លោកតា ឡេង ច្រិច ការបែកបាក់ក្នុងជួរថ្នាក់ដឹកនាំបក្សប្រឆាំង នឹងធ្វើឱ្យបក្សប្រឆាំង​កាន់​តែ​​ចុះខ្សោយ​ទៅប្រៀបដូចសុរិយាអស់រស្មី។ រឿងដែលនាំឱ្យលោកតា ឡេង ច្រិច កាន់តែខឹង​សម្បាខ្លាំងជាមួយបក្សប្រឆាំង ហើយសម្រេចចិត្តដើរចេញលែងក្បែរនេះ គឺទង្វើក្បត់ប្រយោជន៍​ជាតិ​របស់ទណ្ឌិត សម រង្ស៉ី ធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណន​តេជោ បម្រើមហិច្ឆតា​របស់​ជន​បរទេស។

បន្ទាប់ពីប្រកាសលែងមានសម្ព័ន្ធមេត្រីភាពជាមួយបក្សប្រឆាំងហើយនោះ លោកតា ឡេង ច្រិច ក៏បានសម្រេចចិត្តដោះផ្លាកគណបក្សភ្លើងទៀន ដែលចងនឹងរបងផ្ទះ មើលថែមិនឱ្យហើរពណ៌​ថ្នាំ​រាប់ឆ្នាំនោះផងដែរ។

ទន្ទឹមការដើរចេញពីបក្សដែលខ្លួនស្រឡាញ់ស្ទើរលេបជាច្រើនឆ្នាំមកហើយនោះ លោកតា ឡេង ច្រិច ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជា​គណ​បក្ស​​កំពុងដឹកនាំប្រទេសផងដែរ។

ពេលនេះលោកតា បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជន​កម្ពុជា គឺជាបក្ស​នយោ​បាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិ​ឱ្យ​រីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុង​ការ​ធានា​រក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានា​ការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

លោកតាវ័យ៨០ឆ្នាំរូបនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិន​ឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់​បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕