(កង់បេរ៉ា)៖ បំណែកស្លាបរបស់យន្តហោះដ៏ធំមួយ ដែលត្រូវបានរកឃើញនៅតំបន់ឆ្នេរនៃ ប្រទេសតង់ហ្សានៀ ក្នុងតំបន់អាហ្វ្រិកខាងត្បូងនោះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ចេញមុខអះអាង បន្ថែមទៀតថា ពិតជាបានមកពីជើងហោះហើរម៉ាឡេស៊ី MH370 ដែលបានបាត់តំណឹងទៅ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នោះប្រាកដមែន។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍មួយត្រូវបានចេញដោយ ការិយាល័យរដ្ឋសម្រាប់សុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) នៅព្រឹកថ្ងៃសុក្រនេះ ដោយអះអាងជាផ្លូវការថា បំណែកយន្តហោះដែលត្រូវបានរកឃើញ កាលពីថ្ងៃទី២០ ខែសីហា នោះពិតជារបស់ MH370 ដែលជាប្រភេទយន្តហោះ Boeing 777 និងត្រូវបានចុះលេខសម្គាល់ 9M-MRO។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា «វាពិតជារបស់យន្តហោះ Boeing 777 ដែលត្រូវបានបិទតែម ដូចទៅនឹងកាលបរិច្ឆេទនៃការផលិតគឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០២ ហើយវាគឺស្របទៅនឹងថ្ងៃដែល យន្តហោះនេះត្រូវបានបញ្ជូនមកកាន់ម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលយន្តហោះ មានលេខសម្គាល់ 9M-MRO បានត្រូវការពេល ៥ខែដើម្បីធ្វើការរៀបចំឯកសារផ្ទេរកម្មសិទ្ធិ និងបញ្ចូនមកដល់ដៃក្រុមហ៊ុនម៉ាឡេស៊ី»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាល្ងាចថ្ងៃព្រហស្បតិ៍ លោក Liow Tiong Lai រដ្ឋមន្ត្រីដឹកជញ្ជូន ម៉ាឡេស៊ី បានបញ្ជាក់ថា លទ្ធផលនៃការវិភាគបានចេញជាផ្លូវការ ក្រោយពីក្រុមជំនាញរបស់ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) និង មន្ត្រីជំនាញរបស់ម៉ាឡេស៊ី បានធ្វើការវិភាគ និងពិនិត្យយ៉ាងល្អិតល្អន់ បន្ទាប់ពីបំណែកយន្តហោះដែលត្រូវបានរកឃើញ កាលពីថ្ងៃទី២០ ខែសីហា នោះធ្លាក់មកដល់ដៃក្រុមជំនាញ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា កន្លងទៅនេះលោក Darren Chester រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី ធ្លាប់បានប្រកាសថា បំណែកដែលត្រូវបានគេប្រទះឃើញ នៅប្រទេសតង់ហ្សានៀ «ទំនងជាអាច» បានមកពីយន្តហោះ MH370 ដែលជាប្រភេទ Beoing-777។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជំនាញបានអះអាងថា វាពិតជាផ្នែករបស់ MH370 យ៉ាងប្រាកដមែនហើយ។ ដោយឡែកសម្រាប់ចំណាត់ការបន្តថា នឹងត្រូវធ្វើការស្វែងរកយន្តហោះ MH370 បន្តទៀត ឬក៏យ៉ាងណានោះ នឹងត្រូវរង់ចាំការពិភាក្សារវាងមន្ត្រីជំនាញអូស្ត្រាលី និងម៉ាឡេស៊ី ជាមុនសិន៕