(អេស្ប៉ាញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបន្តចុះទៅពិនិត្យមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយរបស់អេស្ប៉ាញ និងពិភាក្សាការងារជាមួយក្រុមហ៊ុន ក្រោមកិច្ចស្វាគមន៍ពី លោក Lucas Sigman នាយកប្រតិបត្តិក្រុមហ៊ុន INSUD PHARMA។

តាមរយៈបទបង្ហាញ និងជំនួបពិភាក្សាការងារបន្ទាប់ពីទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រុមហ៊ុន INSUD PHARMA ក៏បានបង្ហើបអំពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន INSUD PHARMA មានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានប្រតិបត្តិការជាង ៤០ប្រទេសរួចមកហើយ។ INSUD PHARMA មានភាពប៉ិនប្រសព្វខាងផ្នែកជំងឺទូទៅ ជំងឺមហារីក និងបច្ចេកវិទ្យាជីវសាស្រ្ត ដែលជំរុញការច្នៃប្រឌិតដើម្បីកែលម្អសុខភាពអ្នកជំងឺទូទាំងពិភពលោក៕