(ភ្នំពេញ)៖ យុវជន សិស្ស និស្សិត ដែលកំពុងត្រូវការការងារធ្វើ ឬចង់ដឹងពីព័ត៌មានទីផ្សារ ឬព័ត៌មានពីវិស័យបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គួរតែចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅពាក់កណ្តាលខែនេះ។

គួរជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» រយៈពេល២ថ្ងៃ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

តើយុវជន សិស្ស និស្សិតទទួលបានសារប្រយោជន៍អ្វីខ្លះពីការចូលរួមទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ?

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក កត្តា អន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត គួរតែចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ខាងមុខនេះ ដើម្បីសម្ភាសរកការងារធ្វើ ឬស្វែងយល់ពីព័ត៌មានទីផ្សារបច្ចុប្បន្ន និងអនាគត ស្វែងយល់ពីវិស័យបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

លោកបានបន្តថា យុវជន សិស្ស និស្សិត ក៏ដូចជាសាធារណជន នឹងបានទទួលព័ត៌មានកាន់តែទូលំទូលាយ កាន់តែច្បាស់លាស់អំពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ព័ត៌មានស្ដីពីការផ្ដល់អាហារូបករណ៍នៅតាមគ្រឹះស្ថាន សហគ្រាស ពិសេសគឺកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ដើម្បីផ្គូរផ្គង់ជាមួយស្ថានភាពខ្លួនឯងថា ត្រូវជ្រើសរើសបែបណា រៀបចំខ្លួនបែបណា ចាប់យកជំនាញមួយណា។

ក្រៅពីនេះ យុវជន សិស្ស និស្សិត ក៏ដូចជាសាធារណជន ក៏នឹងទទួលបានព័ត៌មានពីទីផ្សារការងារដែលកំពុងមានតម្រូវការ ពីព្រោះក្នុងទិវាជាតិនោះក៏មានស្ដង់ពិព័រណ៍របស់ក្រុមហ៊ុនជាច្រើន ដែលមានសហការីនៅរង់ចាំទទួលពាក្យស្វែងការងារ ការធ្វើតេស្តសមត្ថភាពផ្ទាល់ ផ្ដល់ព័ត៌មានពីតម្រូវការងារជូនអ្នកចូលរួមផងដែរ ដូច្នេះហើយអ្នកចូលរួមទាំងឡាយអាចជួបសន្ទនាផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះ។

ទិវាជាតិ TVET នេះ ក៏នឹងជួយផ្សព្វផ្សាយនិងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកំពុងធ្វើការបណ្ដុះបណ្ដាលផងដែរ។

លោករដ្ឋលេខាធិការបានបន្តថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រសួង​ ស្ថាប័ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជនបានចុះឈ្មោះចូលរួមតាំងបង្ហាញស្នាដៃ ខ្សែសង្វាក់ផលិតកម្មនិងផលិតផល ក្នុងនោះថ្នាក់ជាតិចំនួន១០៤អង្គភាព ថ្នាក់ក្រោមជាតិចំនួន២៨០អង្គភាព។

លោក សាយ រតនៈ តំណាងក្រុមហ៊ុន RMA បានឱ្យដឹងថា រៀងរាល់ពេលរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺក្រុមហ៊ុន RMA តែងចូលរួមជានិច្ច ក្នុងនោះក្រុមហ៊ុនមានរៀបចំជាស្ដង់ធំៗដែលមានសហការីក្រុមហ៊ុននៅរង់ចាំផ្ដល់ព័ត៌មាននានា ពាក់ព័ន្ធនឹងតម្រូវការការងារ ការបណ្ដុះបណ្ដាល ក៏ដូចជាទទួលពាក្យស្វែងរកការងារធ្វើនិងធ្វើតេស្ដសមត្ថភាពនៅក្នុងស្ដង់ផ្ទាល់តែម្ដង។

លោក ប៊ុន ភារិន្ទ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បានបញ្ជាក់ពីការរៀបចំស្ដង់នៅចាំផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ជូនដល់អ្នកចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈផងដែរ ខណៈបច្ចុប្បន្នវិទ្យាស្ថាន NPIC គឺជាសាលាឈានមុខមួយក្នុងការបណ្ដុះបណ្ដាលជំនាញ TVET ដល់យុវជន។

គួរជម្រាបថា ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ក៏ជួយជំរុញឱ្យយុវជនកម្ពុជាងាកមកចាប់យកការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យកាន់តែច្រើនឡើង ខណៈជំនាញបច្ចេកទេសទាំងនេះគឺមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ក៏ដូចជាស្របនឹងការរីកចម្រើននៃឧស្សាហកម្ម ការវិនិយោគ ពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យប្រជាពលរដ្ឋមានជំនាញវិជ្ជាជីវៈឱ្យបានគ្រប់គ្នា៕