(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា, សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនថ្នាក់កណ្តាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដាំដើមកូនឈើក្រោមប្រធានបទ «យុវជនក្រោមម្លប់សន្តិភាព» នៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី នៅក្នុងភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះមានការចូលរួមអមដំណើរដោយ លោក ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានផ្នែកវប្បធម៌ និងសាសនា, លោក ឈិត សុគន្ធី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានផ្នែកវប្បធម៌ និងសាសនា និងជាប្រធានក្រុមការងារទទួលបន្ទុកឥស្លាមសាសនា និងគ្រីស្ទសាសនា, លោក យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មកានិងសាសនា និងលោក លី ស៊ីណូ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជាអនុប្រធានក្រុមការងារទទួលបន្ទុកឥស្លាមសាសនា, លោក ជិន សុខណា អនុប្រធានគ្រឹស្តសាសនា ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ព្រមទាំងសមាជិកក្រុមជំនួយការ និងគណៈអភិបាលស្រុកតំបែរ លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សប្រមាណ៨០០នាក់។

ក្នុងឱកាសនោះ លោក ឆាយ វណ្ណា បានថ្លែងដល់អង្គពិធី និងសិស្សានុសិស្សទាំងអស់អំពីគុណតម្លៃរបស់សុខសនិ្តភាព ដែលមានរហូតមកនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានស្វែងរកយ៉ាងលំបាក ហើយបច្ចុប្បន្ននេះ ដែលយើងមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកបន្តវេន និងកំពុងថែរក្សាការពារនូវសុខសន្តិភាពដែលជាសមិទ្ធផលនេះរហូតតទៅ ។

សូមបញ្ជាក់ថា ដើមឈើចំនួន៤១០ដើម និងស៊ីទែនទឹកចំនួន២ ដែលត្រូវបានដាំ និងដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាអំណាយរបស់ក្រុមការងារទទួលបន្ទុកឥស្លាមសាសនា និងគ្រីស្ទសាសនា នៃផ្នែកវប្បធម៌ និងសាសនា៕