(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់​កម្ពុជា បានប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែ​ល្អ​ប្រសើរ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកប្រធានធនាគារ ADB បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិប​តី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង​សហការី ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានអបអរសាទរជូនចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកប្រធានធនាគារ ADB ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លាស​វៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបសម្តេចធិបតី អំពីការដាក់​ឱ្យ​ដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពី​ការ​ប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមលើនេះ លោកប្រធានធនា​គារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយ​ផ្តោតលើចំណុចសំខាន់ចំនួន៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយ​ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើ​ប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់​ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកប្រធានធនាគារ ADB ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និង​អបអរសារទរចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់​ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបានកំណើន​សេដ្ឋ​កិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ និងសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេស​មាន​ចំណូលខ្ពស់។

ទន្ទឹមនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់​រាជរដ្ឋា​ភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើប​ផង​ដែរ។

សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយ​តបទៅ​នឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ​ក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះ កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពល​ស្អាតចំនួន៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញទិសដៅជំរុញការ​ប្រើ​ប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់​ទាំងស្រុង​ការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោង​អភិវឌ្ឍថាម​ពលកកើតឡើងវិញ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏សំខាន់លើកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន២០៧ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៤.៨ប៊ីលានដុល្លារអាម៉េរិក រួមមាន៖ ១៖ ឥណទានសម្បទានចំនួនប្រមាណ ៤.២ប៊ីលានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានគម្រោង ចំនួន១៣៧, ក្នុងនោះ, គម្រោងចំនួន៨៨ បានបញ្ចប់ និងគម្រោង ចំនួន៤៩ កំពុងដំណើរការ និង២៖ ហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥៦៨ លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទាន គម្រោងចំនួន៧០, ក្នុងនោះគម្រោង ចំនួន៤៤ បានបញ្ចប់ និងគម្រោង ចំនួន២៦ កំពុងដំណើរការ៕