(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកយកា (KOICA) ប្រចាំកម្ពុជា បានប្រកាសពីការផ្តួចផ្តើមគម្រោង​លើកកម្ពស់សេវាសុខាភិបាលក្នុង​ខណ្ឌដង្កោ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនេះជាព័ត៌មានដ៏អស្ចារ្យ​សម្រាប់​ប្រជាជនខណ្ឌដង្កោ។

ខណ្ឌដង្កោជាតំបន់ឧស្សាហកម្មដែលកំពុងមានការរីកចម្រើន និងមានទីតាំងនៅជិតអាកាស​យាន​ដ្ឋានអន្តរជាតិ​ថ្មីក្នុងក្រុងតាខ្មៅ។ កត្តាទាំងនេះបានជំរុញឱ្យមានការកើនឡើងនៃចំនួនប្រជាជន ដូច្នេះតម្រូវការសេវាសាធារណៈដែរប្រកបដោយគុណភាពក៏ការកើនឡើង ជាពិសេសសេវា​សុខា​ភិបាល។

ដោយយល់ឃើញពីតម្រូវការដ៏សំខាន់នេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានស្នើសុំការឧបត្ថម្ភគាំទ្រ​ពីការិយា​ល័យ​ KOICA កម្ពុជា ដើម្បីកែលម្អមន្ទីរពេទ្យបង្អែកដង្កោកាលពីឆ្នាំមុន ហើយក៏បាន​ទទួលការយល់ព្រមផ្តល់ជំនួយដើម្បីអនុវត្តគម្រោងនេះ។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី MoonJung CHOI នាយកតំណាងប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា បានចុះហត្ថ​លេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ​នៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញ»។ ឯកសារកំណត់ហេតុនៃកិច្ចពិភាក្សានេះ​ បានបញ្ជាក់​ពីគោលបំណងរបស់គម្រោង ព័ត៌មានលម្អិតសំខាន់ៗ និងទំនួលខុសត្រូវរបស់ភាគីទាំងពីរ។

គម្រោងនេះមានថវិកាសរុបចំនួន១១លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់​សាងសង់​អគារ​មន្ទីរពេទ្យថ្មីមួយ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗទាន់សម័យ។ ជំនួយដ៏សំខាន់នេះ នឹងជួយ​អភិ​វឌ្ឍ​មន្ទីរពេទ្យបង្អែកដង្កោ ឱ្យឈានមុខគេក្នុងវិស័យសុខាភិបាល លើកកំពស់គុណភាពសេវា និង​ពង្រឹងផ្នែកសង្រ្គោះបន្ទាន់លើករណីរបួសបាក់បែកឆ្អឹង​ ហើយនឹងកម្មវិធីបណ្តុះបណ្តាល​ពង្រឹង​សមត្ថ​ភាពបុគ្គលិកមន្ទីពេទ្យ ដើម្បីធានាថា ពួកគាត់អាចផ្តល់សេវាសុខាភិបាលល្អបំផុតដល់​សហគមន៍។

មន្ទីរពេទ្យបង្អែកដង្កោ នឹងក្លាយទៅជាមន្ទីរពេទ្យកម្រិត CPA2 ដំបូងគេរបស់រាជធានីភ្នំពេញ ក្រោម​ភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េតាមរយៈគម្រោងនេះ។ នេះ​ជាអន្តរកាលនៃការ​ផ្លាស់​ប្តូរកម្រិតគុណភាពសេវាសុខាភិបាល​​ដែល​ប្រជាជនក្នុងខណ្ឌ​ដង្កោនិង​ទទួល​បាន​សេវា​វេជ្ជ​សាស្រ្ដ​កម្រិត​ខ្ពស់​ បន្ថែមពីនេះ តាមរយៈសម្ធទិផលគម្រោងនិងជួយរួមចំណែក​ក្នុងការសម្រាល​បន្ទុកនៃការកកស្ទះរបសលអ្នកមកទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិ។​

គម្រោងមន្ទីរពេទ្យបង្អែកដង្កោ នឹងក្លាយជាគំរូសម្រាប់គ្រឹះស្ថានសុខាភិបាលផ្សេងទៀត​ក្នុងរាជ​ធានី​ភ្នំពេញទាក់ទងនឹងគុណភាពសេវា ប្រព័ន្ធបញ្ជូន និងផែនការគ្រប់គ្រងដែលស្របតាម​យុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់​ក្រសួងសុខាភិបាល។

គួររំលឹកផងដែរថា KOICA គឺជាទីភ្នាក់ងារផ្តល់ជំនួយទ្វេភាគីរបស់រដ្ឋាភិបាល​នៃសាធារណ​រដ្ឋ​កូរ៉េ។ ចាប់តាំងពីការបើកការិយាល័យនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៣ ការិយាល័យ KOICA​កម្ពុជា​បានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្សេងៗក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យ​អភិវឌ្ឍន៍​ជនបទ។

សុខភាពសាធារណៈ គឺជាវិស័យដ៏ចាំបាច់ និងសំខាន់បំផុតសម្រាប់លើកកម្ពស់គុណភាព​ជីវិត​របស់ប្រជាជនកម្ពុជា។ KOICA បាន​ផ្តល់ជំនួយឧបត្ថម្ភ​ថវិកា​ចំនួន ៨៩លាន​ដុល្លារ​ក្នុង​វិស័យ​សុខាភិបាលដែល​ស្មើ​នឹង២៣ភាគរយនៃ​ជំនួយ​សរុប​របស់​ខ្លួន។ នេះរួមបញ្ចូលទាំងការបង្កើត​មន្ទីរពេទ្យភ្នែក និង ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួងក្នុងរាជធានីភ្នំពេញ និងការ​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈ​គម្រោងចំនួនបីរួមទាំងគម្រោងដែលកំពុងដំណើរការដែលមានតម្លៃ ១៦លានដុល្លារ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានអភិវឌ្ឍសមត្ថភាពព្យាបាលរោគកុមារក្នុងផ្នែក ភ្នែក ត្រចៀក ច្រមុះ បំពង់ក បន្ថែមពីលើវិសាលភាពនៃការព្យាបាលទូទៅ ឬការវះកាត់ដែលមានស្រាប់។

KOICA ក៏បានអនុវត្តគម្រោងលើកកម្ពស់សេវាសុខភាពមាតា និងទារកនៅភាគឦសាន ប្រទេស គឺខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានសេវាសុខាភិបាលនៅមានកម្រិត ហើយជាលទ្ធ​ផល​នៃគម្រោងនេះ អគារសុខភាពមាតា និងទារកចំនួនប្រាំត្រូវបានបង្កើតឡើង ដែលមាន​នៅ​មន្ទីរ​ពេទ្យខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ លើសពីនេះ បរិក្ខារ ពេទ្យសម្រាប់សេវាសុខភាពមាតា និងទារក ត្រូវបានផ្គត់ផ្គង់ដល់មណ្ឌលសុខភាពទូទាំងតំបន់ ហើយបុគ្គលិកពេទ្យបានទទួលការបណ្តុះបណ្តាលលើផ្នែកសម្ភព និងរោគកុមារ តាមរយៈកម្ម​វិធី​បណ្តុះបណ្តាលក្នុងប្រទេស និងនៅសាធារណៈ​រដ្ឋ​កូរ៉េ។

កម្មវិធីផ្សព្វផ្សាយនៅសហគមន៍ត្រូវបានអនុវត្តដល់តំបន់ដែលខ្វះខាត រួមជាមួយនឹងការជួយ​លើក​កម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ។ លើសពីនេះ KOICA អនុវត្តគម្រោងការពារ​ព្យាបាល​ជំងឺ​មិនឆ្លង នៅខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ និងស្រុកថ្មគោល ខេត្តបាត់ដំបង។

គម្រោងទាំងនេះបានពង្រឹងដល់ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងមូលដ្ឋាន លើក​កម្ពស់​សកម្មភាពបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សមត្ថភាព មណ្ឌលសុខភាព​ មន្ទីរពេទ្យបង្អែក ឲ្យដើរតួរជាអ្នកត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងលើការគ្រប់គ្រងជំងឺមិនឆ្លង។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ គម្រោងថ្មីដែលផ្តោតលើការលើកកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោ គឺជាកាតព្វកិច្ចថ្មីរបស់ KOICA ក្នុងការបង្កើនវិសាលភាពកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ក្រៅពីការជួយដល់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីពេទ្យថ្នាក់ស្រុក ខេត្តផ្សេងទៀត គម្រោងនេះមានគោលបំណងជួយដល់ការអភិវឌ្ឍមន្ទីរពេទ្យកម្រិត CPA1 ទៅជាមន្ទីរពេទ្យកម្រិត CPA2 ដំបូងបង្អស់នៅរាជធានីភ្នំពេញ។

តាមរយៈការជួយដល់មន្ទីរពេទ្យបង្អែកនៅជាយរាជធានីភ្នំពេញ គម្រោងនេះនឹងដើរតួជាកាតាលីករសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលក្នុងរាជធានីភ្នំពេញ ហើយក៏បានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការបន្ថែមទៀតរវាង KOICA និង សាលារាជធានីភ្នំពេញដើម្បីធ្វើឲ្យគុណភាពជីវិតរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង៕