(ភ្នំពេញ)៖ លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់ នាថ្មីៗនេះបានដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលលោកចាត់ទុកថា កំពុងមានភាពតានតឹង។
ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា សំណើរបស់លោក លឺ ឡាយស្រេង មានលក្ខណៈលម្អៀង ហើយជាការចាប់បង្ខំព្រះមហាក្សត្រឱ្យចូលរួមនយោបាយ។ លោកថា ដើម្បីដោះស្រាយរឿងនេះលោក លឺ ឡាយស្រេង គួរតែណែនាំ ដល់មេដឹកនាំគណបក្សប្រឆាំង ឱ្យចេះគោរពច្បាប់ល្អជាង។
លោក សុខ ឥសាន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា «អ្វីដែល លោកតា លឺ ឡាយស្រេង និយាយគឺគាត់និយាយទៅ តាមមនោសញ្ចេតនាអារម្មណ៍លម្អៀង ទៅរកគណបក្សប្រឆាំង បើយកល្អក្នុងនាមព្រឹទ្ធាចារ្យម្នាក់ដែលដឹងខុសដឹងត្រូវ សូមឱ្យគាត់ណែនាំអ្នកប្រព្រឹត្តល្មើសច្បាប់ ឱ្យឈប់ប្រព្រឹត្តល្មើសច្បាប់ទៅវាច្បាប់ហើយ មិនបាច់អន្តរាគមន៍ដល់ព្រះករុណានោះទេ»។
លោកបានបន្ថែមថា «ព្រះមហាក្សត្រ ទ្រង់មានព្រះរាជតម្រិះរបស់ព្រះអង្គ ហើយមិនអាចនរណាចាប់បង្ខំព្រះអង្គបានទេ បើទ្រង់យល់ថាជារឿងចាំបាច់ព្រះអង្គនឹងមាន ព្រះរាជតម្រិះដោយខ្លួនឯង មិនចាំបាច់នរណាទៅដាស់តឿនទេ ហើយអ្នកខ្លះមានទាំងនិយាយពាក្យមិនសមរម្យជាមួយព្រះករុណាផងធ្វើហាក់ដូចជា ព្រះករុណាទ្រង់មិនស្វែងយល់អ្វីទាំងអស់»។
លោក អ៊ុ ដារ៉ាវុធ មន្រ្តីជាន់ខ្ពស់ព្រះបរមរាជវាំង បានទទួលស្គាល់ថា ពិតជាមានលិខិតរបស់ លោក លឺ ឡាយស្រេង ស្នើថ្វាយព្រះមហាក្សត្រប្រាកដមែន ហើយថា លោកបានយកលិខិតនោះ ដាក់ជូនខុទ្ទការល័យព្រះបរមរាជវាំងរួចហើយ ប៉ុន្តែលោកមិនទាន់ដឹងថា ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី ទ្រង់បានទតលិខិតនោះហើយ ឬយ៉ាងនោះទេ៕