(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៤ ពេលនេះត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ង៉ែត ចន្ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៤នេះ, ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានផ្ដល់មតិ និងលើកឡើងអំពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ដែលបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជាពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់។

ពិសេសធានារក្សាបាននូវសិ្ថរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

បន្ថែមពីនេះ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានផ្ដល់មតិផ្ដាំផ្ញើរដល់លោក-លោកស្រី, សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, កងកម្លាំងប្រដាប់អាវុធ, និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌទាំងអស់ ដាច់ខាតត្រូវចូលរួមការពាររដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតពីប្រជាជន និងគាំទ្រដាច់ខាត នូវគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្ត ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីកម្ពុជា និងកំពុងបន្តអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រៅពីនេះ គឺការយកចិត្តទុកដាក់ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា, គណៈអភិបាល, មន្រ្តីរាជការ, និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ ការគោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕