(តាកែវ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងផ្លូវនៅទីជនបទ ក្នុងការកែប្រែទៅជាផ្លូវក្រាលកៅស៊ូ ផ្លូវចាក់បេតុង និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការស្ថាបនាបញ្ចប់ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការអភិវឌ្ឍន៍ផ្លូវ គឺជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលជាសសៃរឈាម ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកបានបន្តថា ចំពោះផ្លូវជនបទនេះ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសតំបន់ជនបទដាច់ស្រយាល ក្នុងការនាំយកកសិកផលទៅកាន់ទីផ្សារ ក៏ដូចជាការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយបានទាន់ពេលវេលា និងមានសុវត្ថិភាព។

ជាមួយនេះ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំនូវសមិទ្ធផលផ្លូវនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរ តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់ មិនចងសត្វពាហនៈលើផ្លូវ មិនកាប់គាស់ ឬកាយផ្លូវឱ្យរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា សម្រាប់ចំនួន១ខ្សែ មានប្រវែង ២,៨០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយលាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិតាបួរ ទៅភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ពិធីចុះពិនិត្យគុណភាពផ្លូវនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក គង់ អៀង គម្រោងអនុវត្តន៍ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ដឹកនាំស្ថាបនាផ្ទាល់ពីវរសេនីយ៍ សង គឹមហៀង និងមន្ត្រីជំនាញមួយចំនួនផងដែរ៕