(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ បានចុះសាកសួរសុខទុក្ខ និងចែកគោគូរបាន ចំនួន២០០ក្បាល និងពពែ១២០ក្បាល ជូនដល់សាសនិកឥស្លាមខេត្តកំពត និងខេត្តកែប សរុបជាទឹកប្រាក់ចំនួន១២ម៉ឺនដុល្លារដែលជាអំណោយ របស់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី តាមរយៈគ្លីនិកវេជ្ជះមេីតឌល់សេត ស្ថិតនៅភូមិដំណាក់លួង ឃុំព្រែកថ្នង ស្រុកទឹកឈូ ខេត្តកំពត សម្រាប់ឱកាសបុណ្យរ៉យ៉ាហាជ្ជីខាងមុខនេះ។

ឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សាសនិកឥស្លាម ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ខណៈសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោក រ៉ូហ្វី អូស្មាន បានអះអាងថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ដែលដឹកនាំដោយសម្ដេចមហាមបវរធិបតី ហ៊ុន ម៉ាណែត កំពុងខិតខំបន្តអនុវត្តនូវគោលនយោបាយនានា របស់ថ្នាក់ដឹកនាំមុន ដែលបានស្ដែងចេញនូវសមិទ្ធផលជាបន្តបន្ទាប់ និងកំពុងប្រឹងប្រែងកៀគរនូវអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជាការងារបន្ថែមជូនប្រជាពលរដ្ឋ រួមទាំងទាក់ទាញបណ្តាប្រទេសជាច្រើន មកជួយទិញអង្ករពីកម្ពុជា ដើម្បីពង្រីកទីផ្សារស្រូវអង្ករ ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណផងដែរ ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុញ្ញាត និងសម្របសម្រួលឲ្យប្រទេសនានា បានផ្ដល់នូវអំណោយផ្សេងៗដល់សាសនិកឥស្លាមនៅកម្ពុជា បានដោយរលូន។ បន្ថែមពីនេះ ក៏ថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់អំណោយជាគោគូរបានដល់កម្ពុជា ជារៀងរាល់ឆ្នាំ៕