(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃ ប្រទេសទាំង២ បានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ (JeJu) នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី។

ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខនេះ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាជាច្រើនទៀត។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េ បានបន្តនៅកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមន្ត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត។

លោកបានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយនេះសម្ដេចបវរធិបតី ហ៊ុនម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណ ជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ។

លោកបានបន្តថា រាជធានីភ្នំពេញ មានសុខសន្តិភាពពេញលេញ ទទួលបាននូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញយ៉ាងច្រើន។ រាជធានីភ្នំពេញក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។

លោក អូ យ៉ុងហ៊ុន បានមានប្រសាសន៍លើកឡើងដែរថា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េ និងប្រទេសកម្ពុជា។ សម្ដេចបវរធិបតី បានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេចនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងសេអ៊ូល ជាលទ្ធផលយើងបានចុះ MOU ជាមួយរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ទីក្រុងជេជូ មានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរប្រមាណជា១៥លាននាក់ ក្នុងមួយឆ្នាំៗ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗ ជាច្រើនផងដែរ។ តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរយើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពលជាមួយកម្ពុជា។ យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោក អូ យ៉ុងហ៊ុនក៏បានអញ្ជើញលោក ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញ ទៅទស្សនៈកិច្ចនៅកោះជេជូផងដែរ៕