(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា បញ្ហាមីយ៉ាន់ម៉ា នៅតែជាបញ្ហាអាទិភាពសម្រាប់អាស៊ាន ហើយអ្វីដែលសមាជិកអាស៊ានទាំងអស់ចង់បាន គឺបញ្ចប់បញ្ហានេះឱ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដោយមានការចោទជាសំណួរឡើងដោយអ្នកសារព័ត៌មានអំពីបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា, លោក គង់ ភោគ បានឆ្លើយតបពីជំហររបស់សមាជិកអាស៊ានទាំងអស់ ដែលទាមទារឱ្យមានការដោះស្រាយបញ្ហានេះ ឱ្យកាន់តែឆាប់រហ័ស ខណៈដែលបញ្ហាជម្លោះផ្ទៃក្នុងនេះបានផ្ទុះឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ួងសាន ស៊ូជី ពីតំណែងទីប្រឹក្សារដ្ឋ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានលើកឡើងថា៖ «នេះគឺជាបញ្ហាមួយដែលនាំឱ្យរាំងស្ទះដល់ការជំរុញ ការកសាងសហគមន៍អាស៊ានផងដែរ យើងដឹងហើយថាពាក់ព័ន្ធនឹងរឿងមីយ៉ាន់ម៉ា ប្រៀបបាននឹងរបៀបវារៈមួយនៃកិច្ចប្រជុំអាស៊ានជាទៀងទាត់ទៅហើយ ប៉ុន្តែក៏មានការងារអាទិភាពចំនួនដែលមីយ៉ាន់ម៉ាក៏ចង់ចូលរួមផងដែរ ជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន»

លោកបន្តថា៖ «បញ្ហាស្មុគស្មាញនេះទាមទារពេលវេលា ទាមទារការអត់ធ្មត់ និងទាមទារអភិក្រមមួយប្រកបដោយភាពជាក់ស្តែងនិយម ចូលយើងដឹងថា មីយ៉ាន់ម៉ាជាប្រទេសមួយដែលដឹកនាំដោយរបបយោធាតាំងពីទទួលបានឯករាជ្យមកម៉្លេះគឺ៧៤ឆ្នាំហើយ។ ក្នុងខណៈដែលលោកស្រី អ៊ួងសាន ស៊ូជី ដឹកនាំរដ្ឋាភិបាលក៏មានចំណែករបស់យោធាផងដែរ បានន័យថារបបនេះបានចាក់ ឫសជ្រៅនៅក្នុងសង្គមហើយ ប្រវត្តិសាស្ត្រវប្បធម៌នយោបាយរបស់មីយ៉ាន់ម៉ាក៏ពិបាក ស្ថានភាពផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាមាន១២០ក្រុមជនជាតិ ដែលក្នុងនោះមាន ១៨ក្រុមប្រដាប់ដោយអាវុធ ហើយក្នុង១៨ក្រុមនោះមាន តែ១១ក្រុមទេដែលបានចុះ ហត្ថលេខាព្រមព្រៀងបទឈប់បាញ់ជាមួយនឹងរដ្ឋាភិបាល ៧ទៀត នៅបន្តហើយក្នុង៧ក្រុមនោះមាន៤ក្រុមខ្លាំងៗ»

ជាមួយគ្នានេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងហើយថា ត្រូវតែរៀបចំគោលការណ៍អន្តរកាលមួយ ដែលត្រូវអនុវត្តពីប្រធានអាស៊ានមួយទៅប្រធានមួយ ដោយវាមានភាពចាំបាច់ដែលយើងត្រូវបង្កើតឱ្យមាននិរន្តភាព​នៅក្នុងចូលរួមចំណែក ជំរុញកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុចសម្រាប់អាស៊ាន ដែលជាឯកសារយោងសំខាន់សម្រាប់ជួយមីយ៉ាន់ម៉ា ដែលមានអនុម័តដោយកម្ពុជាក្នុងឆ្នាំ២០២២ ខណៈដែលកម្ពុជាបានទទួលញញួរជាប្រធានអាស៊ាន។

ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ៕