(សៀមរាប)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ចំនួន៣ភូមិ គឺមានភូមិគោកធ្លក, ភូមិត្រពាំងទឹម និងភូមិឃុនមោឃ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីនេះ ក្រោមវត្តមានរបស់លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក ស៊ុន សុជាតិ បាន​លើកឡើងថា ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដីត្រូវមកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលមានក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គឺគិតចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេនវត្តអរញ្ញរង្សី (ហៅវត្តល្អក់)។

លោកបានបន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ និងបានបញ្ចូលទិន្នន័យក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី។

លោក ស៊ុន សុជាតិ បានបន្តទៀតថា ក្នុងរយៈ ពេលនេះ គឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំ ដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថា មានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។

លោក សូរ ប្លាតុង បានលើកឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីអោយម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យទៅឃើញថា មានកំហុសឆ្គងត្រូវ ដាក់ពាក្យចូលមកគណៈកម្មការរដ្ឋបាល បើពិនិត្យឃើញថា មានកំហុសឆ្គង ឬមានបណ្តឹងតវ៉ា ក្នុងករណី ដែលក្បាលដីណាមានវិវាទផងដែរ។

លោកបានបន្តថា នេះជាលទ្ធផល និងសក្ខីភាព ដែលបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយទំនាស់ ហើយមិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នេះ គឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ។

លោក សូរ ប្លាតុង ក៏បានធ្វើការអំពាវនាវ ដល់អាជ្ញាធរឃុំ ភូមិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅលំនៅដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានដឹងគ្រប់គ្នាៗព្រមទាំងឲ្យមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ដែលកំពុងតែអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នាផងដែរ៕