(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទំាងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។

ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី ហើយថារដ្ឋសភាបើកទ្វារចំហស្វាគមន៍ជានិច្ចជាមួយស្ថានទូតគុយបា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងសកម្មភាពឡើងដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទំាងពីរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតំាងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថាស្រ្តីមានការលះបង់និងតស៊ូខ្ពស់នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លំាងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោកប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានាដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី Milena Caridad Zaldivar Piedra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតនិងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រីនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកស្រីមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តប្រវត្តិសាស្រ្តរបស់គុយបា។ លោកស្រីបានបញ្ជាក់ពីអារម្មណ៍ថា កម្ពុជាដូចជាប្រទេសទី២ ឬផ្ទះទី២ របស់លោកស្រី។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា។ លោកស្រី បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បាន គឺសាមគ្គីភាព និងការធ្វើការរួមគ្នា។ លោកស្រីបានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរបានឯកភាពគ្នានាពេលកន្លងមក។ ជាមួយគ្នានេះ គុយបាក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយគំាទ្រខ្លួនលើបញ្ហាសន្តិសុខស្បៀងដោយបានផ្តល់ជំនួយជាអង្ករជាច្រើនតោន ជាពិសេសនៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩។ លោកស្រីបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា គុយបានឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

នាឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទំាងពីរហើយត្រូវបានបន្តពូនជ្រំ តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និង អតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។ ជាក់ស្តែង ដំណើរទស្សនកិច្ច សម្តេចតេជោ នៅសាធារណរដ្ឋគុយបាជាបន្តបន្ទាប់នៅឆ្នាំ ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភានៃប្រទេសទំាងពីរវិញ បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគុយបា-កម្ពុជា បានដើរតួនាទីសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងសភានិងប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគំាទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

មុននឹងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភាធិបតី ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក៕