(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការពារ ស្រទាប់អូហ្សូន» នៅទីស្ដីការក្រសួងបរិស្ថាន ដើម្បីអបអរសាទរទិវាអន្តជាតិ​ ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន។

ក្នុងសារលិខិតនោះ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្តីពីការអបអរសាទរ «ទិវាអន្តរជាតិ ស្តីពីកិច្ចការពារស្រទាប់អូស្សូន» បានចាត់ទុកទិវាអូហ្សូនអន្តរជាតិថា ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ សម្រាប់ការអប់រំផ្សព្វផ្សាយ និងការដាស់តឿនក្រើនរំលឹកដល់ប្រជាជាតិទាំងអស់នៅលើសាកលលោក ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីភាពចាំបាច់ និងសារៈប្រយោជន៍ នៃការការពារស្រទាប់អូហ្សូន ដែលជារបាំងការពារផែនដី។

សូមជម្រាបផងដែរថា ដើម្បីអបអរសាទរទិវាអូហ្សូនអន្តរជាតិនេះ អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានផលិតបទយកការណ៍ និងកិច្ចពិភាក្សាតុមូល និងបទសម្ភាសពិសេសរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ ២០១៦នេះផងដែរ៕