(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បានធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់កម្មវិធី NoDrugs ក្នុងគ្រឹះស្ថានសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានជម្រាបថា គោលបំណងនៃការផ្សព្វផ្សាយនេះ គឺលើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈផ្សព្វផ្សាយទូលំទូលាយដល់សិស្សានុសិស្សឱ្យមានការយល់ដឹងចេះបង្ការខ្លួន ពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug មកប្រើប្រាស់ ព្រមទាំងអប់រំពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងបង្កើនសមត្ថភាព ប្រសិទ្ធភាពដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសាទរដល់ការចូលរួមក្នុងសកម្មភាពបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកដល់សិស្សានុសិស្សពីសំណាក់សហព័ន្ធសេវាអប់រំនៅកម្ពុជា ហើយបានបង្ហាញពីគុណប្រយោជន៍App Nodrug និងជំរុញការផ្សព្វផ្សាយទាញយកApp Nodrug មកប្រើប្រាស់ ពីសាធារណជន។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេសយុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយកនិងប្រើប្រាស់ បានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrugs នេះ នៅគ្រប់គ្រឹះស្ថានសិក្សាអប់រំសាធារណៈនិងឯកជនទាំងអស់ដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអាចរាយការណ៍ពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀនក្នុងសហគមន៍មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ច មានវិធានការ ជាក់ស្តែងបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន” ។

ក្នុងនាមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ បានយកចិត្តទុកដាក់ពីសុខភាពសិក្សាសម្រាប់អ្នកអប់រំនិងអ្នកសិក្សាគ្រប់ផ្នែកគ្រប់វ័យ។ យើងទាំងអស់ត្រូវដោះស្រាយក្តីក្តីបារម្ភរួមរបស់យើងគឺបញ្ហាសុខភាព បញ្ហាសីលធម៌ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាព សង្គមជាតិ និងសូមលើកទឹកចិត្តដល់សហព័ន្ធសេវាអប់រំដាក់ពាក្យចូលរួមជាបេក្ខជនជាសាលាគំរូ។

ជាមួយគ្នានេះ លោក ហុង លីម អនុប្រធានសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយបន្តនូវចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ ទៅកាន់សមាជិកដទៃទៀតនៃសមាគមទាំងមូលក៏ដូចជាសាធារណ:ជន ព្រមទាំងជំរុញលោកគ្រូ អ្នកគ្រូ  សិស្សានុសិស្សឱ្យមានការ សិក្សាស្វែងយល់បន្ថែម និងទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះដើម្បីឱ្យសិស្សានុសិស្សមានការកើនឡើងនូវចំណេះដឹងពីបញ្ហាគ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់បារីអេឡិចត្រូនិក និងចូលរូមបង្ការខ្លួនពីការប្រព្រឹត្តរឿងទាំងនេះផងដែរ៕

សូមទាញយកកម្មវិធីទូរសព្ទ័ដៃ NoDrug តាមរយៈតំណភ្ជាប់នេះ៖ https://nodrugsnacd.com/download_kh