(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តជំហរ និងគាំទ្ររាល់ដំណោះស្រាយទាំងឡាយណាដែលអាចស្វែងរកសន្តិភាពដល់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ដោយផ្តោតយកធម្មនុញ្ញអង្គការសហប្រជាជាតិ ជាគ្រឹះ។

ការបញ្ជាក់បែបនេះរបស់ លោក គង់ ភោគ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួង។ វេទិកានេះរៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា។ វេទិកានេះមានការចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀតផងដែរ។

លោក គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់ដំណោះស្រាយគឺធ្វើយ៉ាងណារួមចំណែកប្រកបដោយការស្ថាបនា កម្ពុជា គឺក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀត បន្តជំរុញលើកទឹកចិត្ត បង្ហាញពីការគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយណាទាំងអស់ ដែលនាំទៅដល់ការបញ្ចប់ជម្លោះឱ្យបានឆាប់ទៅតាមអ្វីដែលអាចធ្វើទៅបាន ដែលនាំទៅដល់សន្តិភាព ស្ថិរភាពដល់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន»

បន្ថែមពីនេះ លោក គង់ ភោគ បានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយណាដែលឆ្លុះបញ្ចាំងអំពីលទ្ធភាពរហូតមានដំណោះស្រាយអាចទទួលបានពីភាគីពាក់ព័ន្ធ ហើយនឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចធ្វើការជាមួយគ្នា ដើម្បីសម្រេចការឯកភាពណាមួយ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

«ដូច្នេះ រឿងនេះសន្តិភាព នៅអ៊ុយក្រែន គឺជំហររបស់យើង (កម្ពុជា) ច្បាស់លាស់ណាស់ យើងជារដ្ឋអធិបតេយ្យ ដែលផ្អែកលើច្បាប់ដែលមានទំនួលខុសត្រូវ​ ដូច្នេះ ពាក់ព័ន្ធនឹងបញ្ហាទាំងឡាយ គឺផ្តោតយកធម្មនុញ្ញអង្គការសហប្រជាជាតិ ជាគ្រឹះជាពិសេសគឺពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក គង់ ភោគ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានបញ្ជាក់ថា ចំពោះកម្ពុជា ដំណោះស្រាយតាមផ្លូវណាក៏ដោយ ឱ្យតែអាចចូលរួមដោះស្រាយជម្លោះបាននោះកម្ពុជា ប្រកាសចូលរួមគាំទ្រពេញទំហឹង ពីព្រោះកម្ពុជាចង់ឃើញបណ្តាប្រទេសនៅលើពិភពលោកទទួលបានសន្តិភាព។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសារតែគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី៕