(ត្បូងឃ្មុំ)៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់ប្រតិភូនាយទាហាន នាយកដ្ឋានទំនាក់ទំនង់កិច្ចការបរទេស ក្រសួងការពាជាតិ។

ប្រតិភូនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ នាយក នាយកដ្ឋានទាក់ទងអន្តរជាតិក្រសួងការពាជាតិ និងនាយទាហាន នាយទាហានរងពលទាហាន នៃកងរាជអាវុធហត្ថមកពីខេត្តកំពង់ស្ពឺ តាកែវ កោះកុង កំពត កែប ព្រះសីហនុ និងក្រសួងស្ថាប័ននានា។

ក្នុងនោះប្រតិភូក៏បានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និង បុព្វបុរសដែលពលី មរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យុទ្ធមិត្តរបស់លោក ទាំងពេលនៅមានជីវិត បានជួយដោះស្រាយទុក្ខលំបាក ហើយពេលពលី មរណៈ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើមាតុភូមិនិវត្តន៍នូវសពយុទ្ធជនកង កម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ដែលបានពលីនៅពេលធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកប្រទេសកំណើតវិញតាមប្រពៃណី សាសនា ពិធីការកងទ័ព និងពិធីការរដ្ឋ យ៉ាងអធិកក្រៃលែង៕