(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន-អឺរ៉ុប ខិតខំធ្វើការសម្រេចឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ។

ក្នុងជំនួបជាមួយ អ៉ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសហភាពអឺរ៉ុប កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយជោគជ័យ បើទោះបីជា តាមប្រព័ន្ធ Online ដោយសារតែចំពេលវិបត្តិកូវីដ១៩ ក៏ដោយ។

សម្តេចបានបន្តថា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗនៅកម្ពុជា ហើយ សម្ដេចតេជោក៏ធ្លាប់បានអញ្ជើញទៅទីក្រុងព្រុចសែលធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបផងដែរ។ លទ្ធផលមួយនៃកិច្ចប្រជុំកំពូលនេះ ផ្តោតលើការព្រមព្រៀងរវាងអាស៊ាននិងសហភាពអឺរ៉ុប ក្នុងការចរចាឈានទៅការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ជាមួយនឹងគោលដៅ ធ្វើឱ្យតំបន់ទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យ ប្លុកទាំងពីរខិតខំធ្វើការសម្រេចកិច្ចព្រមព្រៀងនេះ ដែលមិនត្រឹមតែសំខាន់សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំង មានសារៈសំខាន់សម្រាប់មនុស្សជាតិ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជាមានទំនាក់ទំនងយូរអង្វែង ហើយមានកិច្ចព្រមព្រៀងជាច្រើន ជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ពាន់លានអឺរ៉ូ។ លោកបន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការអឺរ៉ុបមកកម្ពុជា កាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោបានសម្ដែងនូវមោទនភាព ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យកម្ពុជាបានកសាងប្រទេស និងរើបម្រាស់ខ្លួន ពីការស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍។ សម្ដេច បន្តថាកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម៕